ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ច្រានចោលការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក លើក្រុមជួញដូរគ្រឿងញៀន

afp

ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារបានច្រានចោល “អន្តរាគមន៍” របស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីម៉ិកស៊ិក រួមទាំងការដាក់ពង្រាយយន្តហោះដ្រូនវាយប្រហារនៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានរំលឹកឡើងវិញនូវការប្រឆាំងដ៏យូររបស់លោកស្រី ចំពោះវិធានការបែបនេះ ដោយសង្កត់ធ្ងន់ទៅលើការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការដោយគ្មានការសម្របសម្រួល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី បានលើកឡើងថា “នោះនឹងមិនដោះស្រាយអ្វីទាំងអស់។ ដំណោះស្រាយគឺត្រូវដោះស្រាយជាអចិន្ត្រៃយ៍ពីមូលហេតុ និងការចាប់ខ្លួន ដែលពាក់ព័ន្ធនឹងការស៊ើបការណ៍សម្ងាត់ និងការស៊ើបអង្កេត ការសម្របសម្រួល និងគ្មាននិទណ្ឌភាព” ដោយបន្ថែមថាម៉ិកស៊ិកមិនទទួលយកវិធានការបែបនេះទេ។

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា សេតវិមាននៅតែថ្លឹងថ្លែងជម្រើសរបស់ខ្លួន ហើយមិនទាន់បានបញ្ចប់ផែនការសម្រាប់ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនរបស់ខ្លួននៅឡើយទេ។

គួរបញ្ជាក់ថា កាលពីខែមករា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអាសន្នជាតិនៅតាមព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងខែកុម្ភៈ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់តាំងក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកជាអង្គការភេរវករ។ ប្រធានាធិបតីម៉ិកស៊ិកបានបញ្ជាក់ម្តងហើយម្តងទៀតថា អាជ្ញាធរអាមេរិក មិនមានយុត្តាធិការលើទឹកដីម៉ិកស៊ិកនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top