ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ មនុស្សទ្រុស្តប្រយោជន៍ជាតិ បង្ហាញធាតុពិតឱ្យយើង ឃើញយ៉ាងច្បាស់ក្រឡែត

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលេីកឡេីងថា មនុស្សទ្រុស្តប្រយោជន៍ជាតិ បានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ 

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ប៉ែន បូណា បានគូសបញ្ជាក់ថា នៅពេលដែលមនុស្សទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ រាប់ទាំងកម្ពុជាយើងផង កំពុងនាំគ្នាគិតរិះរកមធ្យោបាយដោះស្រាយបញ្ហាដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនពាក់ព័ន្ធជាមួយការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក ចុះចម្លែកអីតែបុគ្គលម្នាក់នេះខុសគេខុសឯងបែរជាបន់ស្រន់ឱ្យប្រទេសជាតិនិងប្រជាជនរបស់ខ្លួន «ស្លាប់» ទៅវិញ។ 

ជាមួយគ្នានោះលោកបានចោទសួរថា តើលើលោកយើងនេះមានមនុស្សណាអាក្រក់ជាងនេះទៀតទេ? ធ្វើនយោបាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍ជាតិនិងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់ចាស់ចេះតែម្យ៉ាងគត់គឺ ញុះញង់ លាបពណ៌ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃនិងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។ ឥឡូវនេះ មនុស្សទ្រុស្តប្រយោជន៍ជាតិរូបនេះបានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ថែមថា ប្រទេសយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូចសព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។ 

លកសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើងទាំងអស់គ្នាឈរនៅជាមួយរាជរដ្ឋាភិបាលនិងគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈដើម្បីអនាគតរបស់យើងនិងកូនចៅយើង។ យើងទាំងអស់គ្នាសូមបដិសេធមនុស្សទ្រុស្តប្រយោជន៍ជាតិកុំឱ្យមានអត្ថិភាពនៅក្នុងប្រទេសយើងជាដាច់ខាត៕

To Top