ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្ឃឹមថា កម្ពុជា-ថៃ នឹងមានកិច្ចសហប្រតិបត្តិការល្អៗ បន្ថែមទៀត ក្នុងវិស័យវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីជំរុញការតភ្ជាប់ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នាឱកាសអនុញ្ញាត្តជូន លោក Tull Traisorat ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ទើបទទួលបានការតែងតាំង និងសហការីអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១០ មេសា នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវជំនឿជាក់ថាបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូត នឹងរួមចំណែកថែមមួយកម្រិតទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសគឺកំណើន នៃវិនិយោគពីវិស័យឯកជនថៃនៅកម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត ក៏បានធ្វើការកត់សម្គាល់លើការរីកចម្រើនថ្មីៗរបស់កម្ពុជាទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសង្កេតឃើញពីភាពជោគជ័យ និងការកើនឡើងនៃម៉ាកសញ្ញាផលិតផល និងសេវាកម្មនានាពីប្រទេសថៃនៅកម្ពុជា។
លោកបានបន្ថែមថា កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ ដល់ប្រទេសទាំងពីរ ជាអាទិ៍រួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, សេវាសុខភាព, ផលិតផលទាក់ទងនឹងសុខុមាលភាព និងសម្រស់, និងការកែច្នៃចំណីអាហារ ជាដើម។
តាមរយៈជំនួបប្រកប ដោយភាពស្និទ្ធស្នាលនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានធ្វើការចែករំលែកនូវ បទពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងថៃ ពិសេសលើការងារ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមខ្សែបន្ទាត់ព្រំដែន ដោយសង្ឃឹមថា «នឹងមានកិច្ចសហប្រតិបត្តិការល្អៗបន្ថែមទៀតក្នុងវិស័យនេះ ដើម្បីជំរុញការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»៕
