ភ្នំពេញ ៖ ជំនួបជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥លោក Tull TRAISORAT ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា បានប្តេជ្ញាពង្រឹង ពង្រីកកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងជំនួបនោះ, លោក Tull TRAISORAT បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ លោក បានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតថៃ-កម្ពុជា ហើយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏កាន់តែមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។

លោកឯកអគ្គរាជទូតក៏បានអបអរសាទរដល់កម្ពុជាដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន លោក បានសង្កត់ធ្ងន់ថា លោក នឹងខិតខំទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនថៃឱ្យស្វែងឱកាសវិនិយោគនៅក្នុងខេត្តទាំងបួននេះ។ លោក ឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត និងខិតខំជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និង ក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីជាឯកអគ្គរាជទូតប្រចាំកម្ពុជា ឯកឧត្តមនឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូតឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងទៀត។
សម្ដេចបវរធិបតី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ទេសចរណ៍ និងការតភ្ជាប់រវាងវិស័យឯកជន និងឯកជនជាដើម៕
