ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន កាលពីនៅជានាយករដ្ឋមន្រ្តីកម្ពុជាបានដឹកនាំនាវាកម្ពុជា បាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ស្តារនិងអភិវឌ្ឍប្រទេសពីគំនរផេះផង់រហូតដល់មានការរីកចម្រើនបដូចសព្វថ្ងៃ។
នេះជាសាររបស់សម្តេចធិបតី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា នាឱកាសបុណ្យពិធីចូលឆ្នាំខ្មែរ ។
ក្នុងសារជូនពរសម្តេចតេជោរបស់សម្តេចធិបតី បានគូសរំលេចថា សម្តេចតេជោដែលកាលនៅជានាយករដ្ឋមន្ត្រីបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃឧត្តុង្គឧត្តម ក្នុងការដឹកនាំនាវាកម្ពុជាទទួល បាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ស្តារនិងអភិវឌ្ឍប្រទេសពីគំនរផេះផង់ ធានាបាននូវឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងការថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស សំដៅលើកកម្ពស់កិត្យានុភាពជាតិ ឱ្យទទួលបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ។
សម្តេចធិបតីបន្តថា ទាំងអស់នេះគឺសុទ្ធតែជាសមិទ្ធផលដ៏ធំធេង ដែលកើតចេញពីមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងជាទីមោទនៈ បំផុតរបស់សម្តេចតេជោ ជាពិសេស ក្នុងការបន្តដឹកនាំស្ថាប័នព្រឹទ្ធសភាកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្រោមម្លប់នៃសន្តិភាព៕
