ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំមកហើយ ហើយចំណងមិត្តភាពនេះបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ រហូតបានក្លាយជា«មិត្តដែកថែប»ដូចពេលបច្ចុប្បន្ន ។
អ្វីដែលគួរឱ្យកត់សម្គាល់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ , មិត្តល្អ , ដៃគូល្អ , បងប្អូនល្អ»មកប្រៀបធៀបពីចំណងមិត្តភាពកម្ពុជា-ចិន ដែលសបង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូតដែលតម្កល់ទុកគ្នាក្នុងឋានៈជាអាទិភាព ។ ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរបានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំនិងប្រទេសតូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនា និងសមភាពរវាងជាតិសាសន៍និងអរិយធម៌ទីទៃគ្នា ។
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងចិនបានវិវឌ្ឍរីកចម្រើនខ្លាំងបន្ទាប់ពីមានការពូនជ្រំនិងថែទាំយ៉ាងយកព្រះទ័យ/ចិត្តទុកដាក់ពីសំណាក់ព្រះករុណាព្រះបរមរតនកោដ្ឋនិងថ្នាក់ដឹកនាំកំពូលជំនាន់ចាស់របស់ប្រទេសចិន ហើយឈានទៅរកការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្នមន្ត្រីកម្ពុជាបានរក្សាទំនាក់ទំនងល្អជាប់រហូតជាមួយថ្នាក់ដឹកនាំចិនជាច្រើនជំនាន់ និងបានតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជាជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ចិន ដើម្បីទាញយកផលប្រយោជន៍ឈ្នះ-ឈ្នះ ។ សម្តេចតែងមានប្រសាសន៍ថា «ជំនួយឧបត្ថម្ភរបស់មិត្តចិនគឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពនិងអធិបតេយ្យរបស់កម្ពុជាឱ្យខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិផងដែរ។» ជាពិសេស ការរាប់អានគ្នាដោយស្មោះស្ម័គ្ររវាងថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ បានជំរុញឱ្យចំណងមិត្តភាពមានភាពស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ពុំធ្លាប់មានដែលសន្មតគ្នាជា«មិត្តដែកថែប» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានស្នងមរតកនយោបាយរបស់សម្តេចតេជោ ដោយរក្សាទំនាក់ទំនងដ៏ស្អិតល្មួតជាមួយប្រទេសចិន ដែលធ្វើឱ្យផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះលេចចេញជារូបរាងជាបន្តបន្ទាប់ ។ ជំនួបចំនួនពីរលើករវាងសម្តេចនិងថ្នាក់ដឹកនាំកំពូលៗរបស់ចិន បានជំរុញឱ្យយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជាបន្ស៊ីគ្នាកាន់តែស៊ីជម្រៅជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ចិន ដើម្បីឆ្លោះទៅរកការអភិវឌ្ឍនិងវិបុលភាពរួមក្នុងយុគសម័យថ្មី ។
ជាក់ស្តែង ផ្តើមពីកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» រហូតដល់«កិច្ចសហប្រតិបត្តិត្បូងពេជ្រ» និងការរួមគ្នាកសាង«ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា»និង«ច្រករបៀងត្រីនិងអង្ករ» ប្រទេសទាំងពីរកម្ពុជានិងចិនបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត ដែលនាំមកនូវផលប្រយោជន៍ដ៏ធំសម្បើមជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ក្នុងនោះ គម្រោងហេដ្ឋរចនាសម្ព័ន្ធនិងវិស័យជាច្រើនទៀតដែលជាជំនួយរបស់មិត្តចិនបានលេចចេញជារូបរាងជាបន្តបន្ទាប់នៅកម្ពុជា សមិទ្ធផលទាំងនេះហើយជាសក្ខីភាពដ៏ប្រចក្សដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ មិនរង្គោះរង្គើរវាងប្រទេសទាំងពីរ ។
យ៉ាងណាមិញ តែងមានបុគ្គលឬកម្លាំងមួយក្តាប់តូចដែលមិនចង់ឃើញទំនាក់ទំនងល្អរវាងប្រទេសពីរកម្ពុជានិងចិន រហូតដល់កើតជាចិត្តគំនិតទុច្ចរិត ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងចេតនាញុះញង់បំបែកបំបាក់ ដើម្បីកេងចំណេញខាងនយោបាយឬបម្រើផលប្រយោជន៍របស់ខ្លួន ។ ប៉ុន្តែ កម្លាំងឬបុគ្គលទាំងនេះហាក់ដូចជាមើលស្រាលលើចំណងមិត្តភាពពាន់ឆ្នាំ និងកិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំនិងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរក្នុងការពង្រឹងនិងពង្រីកចំណងភាតរភាពឱ្យឋិតថេរគង់វង្សយូរអង្វែង ពោលគឺកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរនៅតែបន្តប្រព្រឹត្តិទៅយ៉ាងរលូនដោយគ្មានភាពល្អក់កករអ្វីឡើយ ។
ជាពិសេស លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី១៧-១៨ ខែមេសានេះ ។ ត្រង់នេះ គេអាចចោទសួរទៅអ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមនិងព័ត៌មានក្លែងក្លាយថា «ប្រសិនបើកម្ពុជានិងចិនមានភាពចម្រូងចម្រាស់នឹងគ្នាមែននោះ ចុះហេតុអ្វីបានជាប្រមុខដឹកនាំកំពូលរបស់ចិនធ្វើទស្សនកិច្ចនៅកម្ពុជា?» បើស្វែងយល់ពីទម្លាប់ការទូតអន្តរជាតិគេនឹងយល់ដឹងថា ប្រសិនជាប្រទេសពីរដែលមិនត្រូវគ្នា កុំថាឡើយប្រមុខរដ្ឋឬរដ្ឋាភិបាល សូម្បីមន្ត្រីថ្នាក់ក្រោមក៏គេមិនធ្វើទស្សនកិច្ចទៅវិញទៅមកដែរ ។ អាស្រ័យហេតុនេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋចិននៅកម្ពុជាលើកនេះ មិនត្រឹមតែដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីនិងជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញសញ្ញាមួយដ៏ច្បាស់លាស់ថា មិត្តភាពកម្ពុជា-ចិននៅតែរឹងមាំដូចដែកថែប ។
ជារួម មិត្តភាពរវាងប្រទេសទាំងពីរកម្ពុជាចិនបានឆ្លងកាត់ការសាកល្បងនៃពេលវេលា ហើយមិនខ្លាចការញុះញង់បំបែកបំបាក់ពីក្រុមអមិត្តនោះឡើយ ។ ការរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនបាននិងកំពុងកើតចេញជាផ្លែផ្កាក្រោមការណែនាំដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកំពូលនិងកិច្ចខិតខំប្រឹងប្រែងរួមរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងចិននឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយឆ្ពោះទៅរកការអភិវឌ្ឍរួម និងវិបុលភាពរួមក្នុងយុគសម័យថ្មីជាក់ជាមិនខាន ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
