ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ប៊ែលធី គ្រុប បានប្រារព្ធពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ និងពិសាអាហារសាមគ្គីគ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមប្រមាណ ៣,០០០នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាង រាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២-ស្ពានអាកាសចោមចៅ ។




លោកបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូគ្រប់ផ្នែក ទាំងអស់នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ច និង ការទទួលខុសត្រូវរបស់ខ្លួនរយៈពេលពេញ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ដែលធ្វើឱ្យ ប៊ែលធី គ្រុប មានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីប៊ែលធីមានតែ ១ទីតាំង រហូតដល់បច្ចុប្បន្នមាន ៣៦ទីតាំង ក្នុងនោះ ៖
១- ស្នាក់ការកណ្តាលប៊ែលធី គ្រុប (BELTEI Group Headquarters) មានកម្ពស់ ៣២ជាន់ ស្ថិតនៅតាម
បណ្តោយផ្លូវព្រះនេរុហ៍ (ផ្លូវ២១៥) ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២- សាលា ប៊ែលធី អន្តរជាតិ៖ មាន ៣២ទីតាំង (៣០សាខាកំពុងដំណើរការ និង ២សាខាកំពុងសាងសង់គឺ ប៊ែលធីទី៣១-វត្តទួល និងប៊ែលធីទី៣២-ក្រាំងធ្នង់) មានសិស្សកំពុងសិក្សា ៥៤,១២៤នាក់ មានកម្មវិធីសិក្សា ៥ធំៗគឺ៖
១-ចំណេះទូទៅ (ថ្នាក់ទី១ – ១២), ២-ភាសាអង់គ្លេសទូទៅ – ESL Program (កម្រិត Starter, Preschool, Level 1 – 12), ៣-កម្មវិធី ភាសាចិនទូទៅ – CSL Program (កម្រិត Starter, Preschool, Level 1 – 12), ៤-កម្មវិធីអភិវឌ្ឍបញ្ញា IMA (កម្រិតទី ១-១២) និង ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ។
៣-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ៖ មាន ៣ទីតាំង (២ទីតាំងកំពុងដំណើរការគឺ ទី១-ទួលស្លែង, ទី២-ស្ពាន
អាកាសចោមចៅ និង ១ទីតាំងកំពុងសាងសង់គឺ ទីតាំងទី៣-ទួលពង្រ) មាននិស្សិតកំពុងសិក្សា ៨,១០៧នាក់ មានកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ និងមានកម្រិតសិក្សា៥ធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន-កុំព្យូទ័រ, ២-បរិញ្ញាបត្ររង, ៣-បរិញ្ញាបត្រ, ៤-បរិញ្ញាបត្រជាន់ខ្ពស់ និង៥-ថ្នាក់បណ្ឌិត។ សាកលវិទ្យាល័យ មាន ១៣មហាវិទ្យាល័យ ៤៥ជំនាញ ក្នុងនោះ៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និង បដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិង វិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន។ ហើយថ្មីៗនេះ ប៊ែលធី គ្រុប ក៏បានបង្កើត ប៊ែលធី ស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនរបស់ប៊ែលធី ក៏ដូចជាសង្គមជាតិ និងពិភពលោក ជាពិសេសលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងនិពន្ធ ផងដែរ ។






ក្នុងឱកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃប៊ែលធី គ្រុបទាំងអស់ លោកបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រនិងផ្តល់ឱកាសយ៉ាងពេញលេញដល់វិស័យអប់រំផ្នែកឯកជន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល។ ជាពិសេស នៅក្នុងនីតិកាលទី៧ នេះរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោម អាទិភាពគន្ធឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។






ជាទីបញ្ចប់ លោកបណ្ឌិត និង លោកជំទាវ បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាង ជូនបុគ្គលិកទាំងអស់ផងដែរ៕
























