ព័ត៌មានជាតិ

ពលរដ្ឋខ្មែរអាមេរិកាំង ជួបជុំគ្នា អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តខ្មែរសាមគ្គី (Video)

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរអាមេរិកាំង មកពីបណ្តាទីក្រុង និងរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ​ទី​១៣ ខែមេសា ឆ្នាំ២០២៥ បានជួបជុំគ្នាប្រកបដោយបរិយាកាស​សប្បាយរីករាយ អំណរសាទរ ទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅវត្តខ្មែរសាមគ្គី នៅទីក្រុង Richmond រដ្ឋVirginia សហរដ្ឋអាមេរិក។

ពិធីជួបជុំសប្បាយរីករាយប្រចាំឆ្នាំ របស់ពលរដ្ឋខ្មែរអាមេរិកាំង ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់លោក កុយ គួង ឯកអគ្គរាជទូត  និងមន្រ្ដីនៃស្ថានឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក។

បើតាមលោក អ៊ុំ វណ្ណារ៉ា ពលរដ្ឋខ្មែរអាមេរិកាំង បានឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងនៅថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២៥ ថា “ពលរដ្ឋខ្មែរអាមេរិកាំង នៅទីនេះ គឺតែងតែរក្សាបាននូវវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជាតិខ្មែរដែរ ដូចដែលបានឃើញនៅក្នុងវត្តខ្មែរសាមគ្គីនេះស្រាប់ ម្នាក់ៗពោរពេញទៅសេចក្តីសប្បាយ​រីករាយ ជាមួយនឹងសម្លៀកប្រពៃណីខ្មែរ”។ “យើងចង់ណែនាំ ឱ្យកូនចៅជំនាន់ក្រោយ ត្រូវតស៊ូថែរក្សាប្រពៃណីខ្មែរ ហើយសូមកុំភ្លេចថា យើងជាកូនខ្មែរ មានដើមកំណើតខ្មែរដែរ ទោះនៅទីណាក៏ដោយ”។

ពិធីអបអរសាទរនោះទៀតសោត ក៏មានការសម្តែងភ្លេងឆៃយ៉ាំ ព្រមទាំងទម្រង់សិល្បៈផ្សេងៗជាច្រើនទៀត ជាពិសេសក៏មានការរាំច្រៀងថែមទៀតផង។

លោក វណ្ណារ៉ា ក៏បានឱ្យដឹងទៀតថា ពិធីអបអរដែលត្រូវបានប្រារព្វធ្វើឡើងនៅថ្ងៃអាទិត្យនេះ គឺពិតជាបង្កលក្ខណៈងាយស្រួលដល់បងប្អូនខ្មែរអាមេរិកាំង អាចមានលទ្ធភាព មកជួបជុំគ្នា បានច្រើនកុះករ។

ជាមួយគ្នានេះ អ្នកស្រី អ៊ំ ធននឿន​ វ័យ៦២ ឆ្នាំ ជាពលរដ្ឋខ្មែរអាមេរិកាំង រស់នៅទីក្រុង Richmond រដ្ឋVirginia បានសម្តែងនូវក្តីរីករាយឥតឧបមា កាលបើបានចូលរួមក្នុងពិធីដ៏វិសេសវិសាល និងឃើញពលរដ្ឋខ្មែរអាមេរិកាំង មកចូលរួមអបអរសាទរ ដែលជានេះជាការបង្ហាញនូវការគោរពស្រឡាញ់ និងរក្សាបាននូវប្រពៃណីខ្មែរ។

អ្នកស្រី បន្ថែមថា “ទោះ (នាងខ្ញុំ) មមាញឹកការងារក្តី ក៏ខ្ញុំនិងបងប្អូនខ្មែរឯទៀត បានរៀបចំចង្ហាន់ និងអាហារផ្សេងៗ ប្រគេនព្រះសង្ឃ និងទទួលភ្ញៀវផងដែរ”។ “ខ្ញុំ ព្រមទាំងកូនៗទាំង២ ព្រមទាំងស្វាមី គឺមិនដែលខាននោះទេ ស្ទើតែរាល់ឆ្នាំ តែងតែធ្វើចង្ហាន់បែបខ្មែរ ប្រគេនព្រះសង្ឃ និងរៀបចំអាហារផ្សេងៗ ទទួលបងប្អូនខ្មែរយើង”។

រស់នៅសហរដ្ឋអាមេរិក ជាង៤០ឆ្នាំ អ្នកស្រី ធននឿន បន្តថា “ទោះរស់នៅសហរដ្ឋអាមេរិក ច្រើនទសវត្សរ៍ក្តី ក៏ខ្ញុំនិងក្រុមគ្រួសារមិនដែលភ្លេចសូម្បី១ដងណាឡើយ ពីវប្បធម៌ អរិយ្យធម៌ខ្មែរយើង។ កូនខ្ញុំទាំង២ ទោះបីពួកគេ កើតនិងធំដឹងក្តីនៅអាមេរិក យ៉ាងណាក៏ដោយ ក៏ខ្ញុំបានបង្ហាត់បង្ហាញពួកគេ ពីវប្បធម៌ខ្មែរដែរ។ កូនទាំង២របស់ខ្ញុំ អាចនិយាយ និងស្តាប់ភាសាខ្មែរ បានយ៉ាងស្ទាត់”។

លោក​ កុយ គួង ប្រមុខការទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ិក ក៏មិនភ្លេចថ្លែងអំណរគុណ ដល់បងប្អូនខ្មែរ រស់នៅទីក្រុង Richmond រដ្ឋVirginia ដែលបានផ្តល់កិត្តិយស និងអញ្ជើញរូបលោក និងមន្រ្តី​ស្ថានទូត មកចូលរួមអបអរសាទរ នៅគ្រានេះដែរ។

លោក កុយ គួង បានក៏រម្លឹកផងដែរថា “ទោះបីបងប្អូនខ្មែរអាមេរិកាំង រស់នៅសហរដ្ឋអាមេរិក យ៉ាងណាក្តី ក៏ដោយបងប្អូន អាចទទួលបានទិដ្ឋការ ប្រភេទK ចេញចូលប្រទេសកម្ពុជា ជាប្រទេសកំណើតផងដែរ ហើយខ្ញុំ ព្រមទាំងមន្រ្តីស្ថានទូតនៅទីនេះ នឹងជួយសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់បងប្អូន ដើម្បីទទួលបានទិដ្ឋការនេះ ក៏ដូចជាឯកសារផ្សេងៗទៀត ដែលជាតម្រូវការរបស់បងប្អូន”។

គួររម្លឹកថា លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល ដែលមកសួរសុខទុក្ខឪពុកមា និងម្តាយមីង ព្រមទាំងក្រុមគ្រួសារ រយៈពេល២សប្តាហ៍ កាលពីខែ មីនា ឆ្នាំ២០២៥ កន្លងមកនោះ ក៏បានចូលជួបសម្តែងការគួរសម​និងជូនពរ លោក​ កុយ គួង ប្រមុខការទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ិក នៅស្ថានទូតកម្ពុជា​ ប្រចាំសហរដ្ឋអាមេរិក ក្នុងឱកាសលោកទូត ទើបមកបំពេញភារកិច្ចនៅសហរដ្ឋអាមេរិក និងបានគោរពអញ្ជើញ លោកទូត ព្រមទាំងក្រុមការងារ ចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មុនលោកត្រឡប់មកកាន់មាតុភូមិវិញ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥៕

សូមស្តាប់បទសម្ភាសន៍ រវាងលោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល ជាមួយអ្នកស្រី អ៊ំ ធននឿន ពលរដ្ឋខ្មែរអាមេរិកាំង ដូចតទៅ៖

ដោយ៖​ សយ សុភា

(រូបថតដោយ៖ ស្ថានទូតកម្ពុជាប្រចាំវ៉ាស៊ីនតោន, អ៊ំ ធននឿន និង អ៊ំ វណ្ណារ៉ា)

To Top