សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យថឹងថា ការសម្រេចចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នៅខេត្តសៀមរាប បានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ចនៅខេត្តសៀមរាប មានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាដេីម។

តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៤ មេសា នេះថា កាលពីយប់មិញ សម្ដេចធិបតី បានឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប ក៏ដូចជា ការដើរកំសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមទាំងនៅ Pub Street។
សម្ដេចធិបតី ថា “ខ្ញុំមានការសប្បាយរីករាយដែលបានឃើញនូវការសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប វិស័យឯកជននិងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបផ្ទាល់ ដែលបានរួមគ្នារៀបចំតុបតែងលម្អបានយ៉ាងស្អាត ក៏ដូចជាបង្កលក្ខណៈឲ្យមានការលក់ដូរនិងសកម្មភាពកំសាន្តនៅតាមបណ្ដោយស្ទឹងសៀមរាប និងនៅតាមកន្លែងផ្សេងទៀតនៅក្នុងក្រុង”។
សម្ដេចធិបតី បន្ដថា ទោះជាម៉ោងយប់ជ្រៅបន្តិច ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដើរលេងកំសាន្តយ៉ាងច្រើនកុះករ និងមានការបង្គំតន្ត្រីកំសាន្តផង។
សម្ដេចធិបតី គូសបញ្ជាក់ថា “ខ្ញុំមានការរំភើបណាស់ដែលការសម្រេចចិត្តក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះនៅខេត្តសៀមរាប បន្ថែមលើសង្ក្រាន្តនៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដែលព្រឹត្តិការណ៍នេះបានបង្កលក្ខណៈឲ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាបមានភាពរស់រវើក និងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ និងអ្នកប្រកបរបរនានានៅក្នុងវិស័យទេសចរណ៍ នៅក្នុងក្រុងសៀមរាបនិងនៅតំបន់ជុំវិញផងដែរ។ ដំបូងរូប ខ្ញុំ ក្លែងបន្លំខ្លួនដោយពាក់មួកនិងពាក់ម៉ាស់កុំអោយគេចាប់ស្គាល់ ប៉ុន្តែនៅតែគេចមិនរួចពីក្រសែភ្នែករបស់បងប្អូនប្រជាពលរដ្ឋ អញ្ចឹងបានទទួលទាំងទឹក ទាំងម្ស៉ៅផងដែរ”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយសប្បាយរីករាយ ប្រកបដោយការគោរពគ្នាទៅវិញទៅមក។ សម្ដេច អរគុណចំពោះសមត្ថកិច្ចទាំងអស់ដែលបានការពារសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានដើរកំសាន្តដោយសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅ៕
