កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី ពិធីដង្ហែពស់រួច បានមានប្រសាសន៍ អំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជិត ឆ្ងាយ មកកំសាន្តឲ្យបានច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខណ:ខេត្តកំពង់ចាមឆ្នាំនេះ មានការរៀបចំ កម្មវិធីសប្បាយៗ ប្លែកៗ ជាច្រើន ដើម្បីបង្ករលក្ខណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជិតឆ្ងាយបានសប្បាយទាំងអស់គ្នា ។


លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ការរៀបចំសង្ក្រាន្តយើងក្នុងឆ្នាំ២០២៥នេះ ស្របដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំស្នើសុំចុះ «មហាសង្ក្រាន្ត ឬចូលឆ្នាំខ្មែរ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ យូណេស្កូ យកឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ចេញមកចូលរួមលេងសម្សាន្តសប្បាយក្នុងឱកាសនៃការរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីចូលរួមថែរក្សា និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទំលាប់វប្បធម៌ខ្មែរ ឱ្យនៅតែបន្ដស្ថិតស្ថេរគង់វង្ស ថ្កុំថ្កើង និងរក្សាបាននូវភាពល្អត្រចេះត្រចង់ និងជាការបង្ហាញ និងចូលរួមគាំទ្រ យ៉ាងពេញទំហឹង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការស្នើសុំចុះ «មហាសង្ក្រាន្ត ឬចូលឆ្នាំខ្មែរ» ទៅក្នុងបញ្ជីមរកតវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។


លោកអភិបាលខេត្ត បានគួររំលឹកថាកាលពីសង្ក្រាន្តឆ្នាំ២០២៤កន្លងទៅ មានបងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកលេងកំសាន្ត ប្រមាណជាង ៥លានដង/នាក់ ហើយខ្ញុំសង្ឃឹមថាឆ្នាំនេះ គឺនឹងមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមលេងកាន់តែច្រើនថែមទៀត។
លោកអភិបាលខេត្ត បញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អទើបយើងមានឱកាសរៀបចំ កម្មវិធីផ្សេងៗ ក៏ដូចជាការរៀបចំកម្មវិធីសង្ក្រាន្តកំពង់ចាម ដែលរដ្ឋបាលខេត្តបានរៀបចំនៅទីនេះ និងនៅតាមរមណីយដ្ឋាននានា តាមបណ្តាក្រុង-ស្រុក ហើយជាមួយគ្នានេះក៏មាននៅតាមទីវត្តអារាមទូទាំងខេត្តកំពង់ចាមផងដែរ។ហើយអ្វីដែលកាន់តែពិសេសនោះ សង្ក្រាន្តកំពង់ចាមយើងឆ្នាំនេះ មានរៀបចំលៀសហាល ចំនួន៣តោន មានប្រវែង១.០០០ម៉ែត្រ ចាប់ពីវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូក។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំការផ្តល់ សេវា WiFi ដោយឥតគិតថ្លៃ ដែលរដ្ឋបាលខេត្តបានរៀបចំផ្តល់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ «Sangkran KPC-2569» និងរៀបចំពាងទឹក នៅអមសងខាង តាមបណ្តោយផ្លូវមុខសាលាខេត្ត និងផ្លូវភ្លោះព្រះមុនីវង្សចាប់ពីមុខភោជនីដ្ឋានហាវអាន ដល់វេទិកាអុំទូក រួមនឹងការរៀបចំតុបតែងលំអរ ក្នុងក្រុងកំពង់ចាមយើងឱ្យកាន់តែមានភាពស្រស់បំព្រងទ្វេរឡើងបន្ថែមទៀត។
