ព័ត៌មានជាតិ

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមហើយ

ភ្នំពេញ៖ សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ ព.ស ២៥៦៩ បានចាប់ផ្តើមបើកហើយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

សង្ក្រាន្តវត្តភ្នំ ចាប់ផ្តើមបឡើង នៅព្រឹកថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ រហូតដល់ម៉ោង ២០:០០នាទីយប់ អមដោយការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធី កម្សាន្តសប្បាយជាច្រើន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈរបាំប្រពៃណី លេងល្បែងប្រជាប្រិយជាតិ ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត ការតាំងបង្ហាញម្កុដអប្សរា-ពិណខ្នាតធំ និង ការតាំងបង្ហាញផលិតផលខ្មែរជាដើម។

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកម្មវិធីយ៉ាងអធឹកអធម​ នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំ មុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំទៀត ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ។

ពាក់ព័ន្ធនិងផ្លូវថ្មីរជើង (Walk Street)នេះដែរ សំរាប់សប្ដាហ៌នេះនិងសប្ដាហ៌ក្រោយពោលគឺ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ក្នុងនោះសំរាប់ថ្ងៃសៅរ៏ទី១២មេសាមានរបាំបួងសួង,ថ្ងៃអាទិត្យទី១៣មេសា មានល្ខោនខោល របាំកន្តែរ៉ែ,ថ្ងៃទី១៤មេសាមានល្ខោនបាសាក់ យក្ខីនី,ថ្ងៃទី១៥ល្ខោនបាសាក់ និងថ្ងៃទី១៦មេសាការសម្តែងក្បាច់គុណល្បុកតោផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ​ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់សប្តស័កព.ស២៥៦៩ គ.ស២០២៥ ក្នុងន័យលើកកំពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទី ក្រុងនិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ការពារគ្រោះអគ្គីភ័យ ចូលរួមគោរពច្បាប់ចរាចរណ៏ផ្លូវគោក ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ៕

To Top