ព័ត៌មានជាតិ

ក្រសួងការបរទេសខ្មែរ៖ ការបញ្ជូនឧក្រិដ្ឋជនតៃវ៉ាន់ ទៅអាជ្ញាធរចិន គឺអនុវត្តតាមគោលនយោបាយចិនតែមួយ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការចាប់បញ្ជូនខ្លួនឧក្រិដ្ឋជនតៃវ៉ាន់ទៅអាជ្ញាធរមានសមត្ថកិច្ចចិន គឺអនុវត្តទៅតាមគោលនយោបាយចិនតែមួយ មិនខុសពីបណ្តាប្រទេសមួយចំនួនទៀតនោះទេ ។

ការលើកឡើងរបស់ក្រសួងការបរទេសខ្មែរនេះ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបទីតាំងអនឡាញខុសច្បាប់មួយកន្លែងកាលពីថ្ងៃ៣១ មីនា ក្នុងនោះមានជនជាតិចិន និងបុគ្គលមកពីកោះតៃវ៉ាន់មួយចំនួនផងដែរ ហើយថ្មីនេះៗក៏វបានអាជ្ញាធរតវ៉ាថា កម្ពុជាចាប់បញ្ជូនជនជាតិខ្លួន​ទៅ​ឲ្យភាគី​ចិន ព្រោះស្ថិតនៅក្រោម​សម្ពាធ​របស់​ប៉េកាំង។ ជាការកត់សម្គាល់ ការបញ្ជាក់ពីគោលជំហររបស់ក្រសួងការបរទេសខ្មែរដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាចិនធ្វើឡើងត្រឹមតែមុន២ថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងនៅកម្ពុជា។

យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរនាថ្ងៃ១៥ មេសា បានឲ្យដឹងថា នៅចុងខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅក្រុងភ្នំពេញ ហើយបានចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនមួយចំនួន ក្នុងនោះរួមមានបុគ្គលមកពីកោះតៃវ៉ាន់ផងដែរ ប្រគល់ទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីបំភ្លឺបញ្ជាក់ថា វិធានការនេះ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់របស់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ដូចជាសន្ធិសញ្ញាបត្យាប័ន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខកម្ពុជា-ចិន រួមទាំងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនមួយ» ។
ប្រភពខាងបន្ថែមថា បុគ្គលដែលត្រូវបានប្រគល់ទៅសមត្ថកិច្ចចិនទាំងអស់នេះគឺជាឧក្រិដ្ឋជន ពុំមែនជាប្រជាជនស្លូតត្រង់ធម្មតានោះឡើយ ហើយការប្រគល់បុគ្គលទាំងនេះទៅឲ្យរដ្ឋាភិបាលចិន ក៏មិនខុសពីការអនុវត្តដោយប្រទេសមួយចំនួនផ្សេងទៀត ដែលប្រកាន់គោលនយោបាយ ចិនមួយ» ដែរ ។

សូមបញ្ជាក់ថា ការចេញសេចក្តីបំភ្លឺរបស់ក្រសួងការបរទេសខ្មែរនេះ ធ្វើឡើងមុន២ថ្ងៃនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងប្រធានាធិបតីចិនមកកាន់កម្ពុជានាថ្ងៃ១៧-១៨មេសា ។ ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋបស់មេដឹកនាំមហាអំណាចចិននៅកម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងធ្វើឲ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេសទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរផងដែរ៕

To Top