ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ១១គ្រួសារ ក្នុងសង្កាត់ដំរីជាន់ខ្លា ទទួលបានអំណោយពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព!

កំពង់ធំ: នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាប្រចាំខេត្តកំពង់ធំ ដឹកនាំលោកបណ្ឌិត គឹម សារឿន និងលោកមេភូមិ រួមទាំងលោកតំណាងឱ្យចៅសង្កាត់ បានចុះដល់ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីផ្ដល់អំណោយដល់ប្រជាពលរដ្ឋ ដែលមានជីភាពខ្វះខាតចំនួន១១គ្រួសារ ដែលកំពុងរស់នៅក្នុងលក្ខខណ្ឌលំបាក។

អំណោយដែលប្រគល់ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាតចំនួន ១១គ្រួសារ ក្នុង១គ្រួសារទទួលបានដូចជា÷ អង្ករ មី និងវត្ថុប្រើប្រាស់ប្រចាំគ្រួសារ។ កម្មវិធីនេះមានគោលបំណងជួយសម្រួលបញ្ហាជីវភាព និងបង្ហាញពីស្មារតីមនុស្សធម៌របស់យុវជន ក្នុងការចូលរួមជួយសង្គ្រោះសង្គម និងផ្សះផ្សាគ្នាដើម្បីសន្តិភាព។

តាមការបញ្ជាក់ពីលោកបណ្ឌិត គឹមសារឿន ប្រធានសាខាសមាគម ប្រចាំខេត្តកំពង់ធំ បានឱ្យដឹងថា ការចែកអំណោយទាំងនេះ គឺផុសចេញពីបេះដូងមនុស្សធម៌ របស់ថ្នាក់ដឹកនាំក្នុងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព យើងបានរួមគ្នាជាផ្នែកមួយនៃយុទ្ធនាការ ស្ម័គ្រចិត្តរបស់យុវជនក្នុងការជួយសង្គម និងលើកកម្ពស់សុភមង្គលសហគមន៍ ក្នុងស្រុកយើងដោយមិនរើសអើងពណ៌សម្បុរ ឬសាសនាអ្វីឡើយ៕ ដោយសំនៀង

To Top