ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកងកម្លាំងនគរបាលជាតិ កម្លាំងប្រជាការពារ និងកងកម្លាំងចម្រុះ បានដឹកនាំសហការ និងគាំទ្រយ៉ាងសកម្មចំពោះការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី យ៉ាងអធិកអធម និងប្រកបដោយជោគជ័យជូនបងប្អូនប្រជាពលរដ្ឋ លេងកម្សាន្តសប្បាយនៅទូទាំងប្រទេស។
តាមរយៈសារថ្លែងអំណរគុណ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោក ពិតជាមានមោទនភាព និងអំណរសាទរយ៉ាងក្រៃលែងបំផុតចំពោះការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៥ ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រី និងភ្ញៀវទេសចរអន្តរជាតិ រាប់ម៉ឺននាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
បរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយយ៉ាងល្អប្រពៃនៃព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលរួមថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត និងប្រជាជនក្នុងខេត្តព្រៃវែងទាំងមូល ដែលកើតចេញពីមនុញ្ញផលនៃមរតកសុខសន្តិភាព និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿនរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិលកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅពីក្រោយស្នាមញញឹម និងក្ដីរីករាយយ៉ាងកងរំពងរបស់បងប្អូនប្រជាពលរដ្ឋ ប្រាកដណាស់គឺភាពស្វាហាប់នៃការបំពេញតួនាទី និងភារកិច្ច ប្រកបដោយការលះបង់ខ្ពស់របស់ក្រុមការងារគ្រប់ផ្នែក ទាំងអនុគណៈកម្មការនីមួយៗ កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត និងក្រុមអនាម័យ។ តាមពិតអ្នកទាំងអស់គ្នាត្រូវជួបជុំក្រុមគ្រួសារ ដូចជនរួមជាតិទូទៅដែរ ប៉ុន្តែផ្ទុយទៅវិញ បានលះបង់ឱកាសនេះ ដើម្បីជោគជ័យនៃព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» របស់យើង។
លើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរនៃបណ្ដាស្រុក និងឃុំនានា រួមទាំងមន្ត្រីនគរបាលជាតិនៃអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលបានដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានានៅតាមភូមិស្រុក និងទីអារាមទូទាំងខេត្តព្រៃវែង ប្រកបដោយបរិយាកាសសន្តិសុខ និងសុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់បងប្អូន ដែលមិនបានមកចូលរួមក្នុងព្រឹត្តិការណ៍ធំនៅទីរួមខេត្ត។
ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ដ្រី ក៏សូមផ្ញើនូវសេចក្ដីថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកងកម្លាំងនគរបាលជាតិ កម្លាំងប្រជាការពារ និងកងកម្លាំងចម្រុះ ដែលបានដឹកនាំ សហការ និងគាំទ្រយ៉ាងសកម្មចំពោះការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី យ៉ាងអធិកអធម និងប្រកបដោយជោគជ័យជូនបងប្អូនប្រជាពលរដ្ឋ លេងកម្សាន្តសប្បាយនៅទូទាំងប្រទេស៕
