បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបោះបង់ចោលពិភពលោកដែល ពោរពេញទៅដោយប្រជាធិបតេយ្យ ដោយនិយាយថា ចំណាត់ការភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី បានធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់សម្ព័ន្ធមិត្ត និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក។
នៅក្នុងការកត់សម្គាល់ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Bayrou បាននិយាយថា សហរដ្ឋអាមេរិក ដែលធ្លាប់ត្រូវបានគេមើលឃើញថាជាស្នូលនៃអង្គការប្រជាជាតិសេរី និងជាអ្នកធានាច្បាប់អន្តរជាតិ បានបោះបង់ចោលនូវតម្លៃស្នូលរបស់លោកខាងលិច។
លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែលប្រទេសមួយដែលគេមើលឃើញជាយូរមកហើយថាជាសសរស្តម្ភនៃសណ្តាប់ធ្នាប់ពិភពលោកបែរជាអាចចូលទៅនៅខាងក្រុមអ្នកឈ្លានពានភ្លាមៗបានទៅវិញ។
គួរឲ្យដឹងដែរថាទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានចូលរួមការចរចា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែងក្នុងខែមករា។ ប្រទេសទាំងពីរបានបើកកិច្ចចរចាកម្រិតខ្ពស់ជាច្រើនលើក ដែលផ្តោតលើដំណោះស្រាយសន្តិភាពដែលអាចកើតមានចំពោះជម្លោះអ៊ុយក្រែន និងលើការស្តារទំនាក់ទំនងទ្វេភាគីផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
