ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»(ភាសាខ្មែរ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើនៅរាជធានីភ្នំពេញ ។
សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការចាក់ផ្សាយកម្មវិធីនេះនៅកម្ពុជា ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងសារលិខិតថា មិត្តភាពកម្ពុជា-ចិនបានធន់នឹងការសាកល្បង នៃប្រវត្តិសាស្ត្រនិងពេលវេលា ប្រទេសចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ។
សម្តេចតេជោ ថ្លែងថា “ក្រោមការយកចិត្តទុកដាក់ និងការជំរុញរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន ទំនាក់ទំនងរវាងកម្ពុជានិងចិន បានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ក្នុងឱកាសនៃការបំពេញទស្សនកិច្ច របស់ឯកឧត្ដម ស៊ី ជិនពីង ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយមើលឃើញថា កម្មវិធី«ប្រយោគបុរាណចិនដែលលោក ស៊ី ជិនពីង ចូលចិត្ត»ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កំពុងចាក់ផ្សាយនៅកម្ពុជា” ។
សម្តេចតេជោ បានសង្ឃឹមថា កម្មវិធីមួយនេះនឹងបំពេញបន្ថែមនូវថាមពលវប្បធម៌ ទៅក្នុងការពង្រឹងមិត្តភាព និងការប្រាស្រ័យទាក់ទងរបស់ភាគីទាំងពីរ ក៏ដូចជាបំផុសគំនិតសម្រាប់ដោះស្រាយបញ្ហាចំណុចក្ដៅ ដែលពិភពលោកកំពុងប្រឈម ។
សម្ដេចតេជោ ក៏បានបន្ថែមថា ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន គឺជាចំណងតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ។ យើងមានសេចក្ដីសោមនស្សរីករាយ ដែលបានឃើញថា កិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ដែលមាន”វិទ្យុមិត្តភាពកម្ពុជា-ចិន” ជាតំណាងដែលសហការ ដំណើរការដោយវិទ្យុជាតិកម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ទទួលបានលទ្ធផលជាផ្លែផ្កា ។
សម្ដេចជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ នឹងបង្កើតជាស្ពានថ្មីមួយទៀត សម្រាប់ប្រទេសទាំងពីរ កម្ពុជានិងចិន ក្នុងការពង្រឹងការយល់ដឹង និងបង្កើនទំនុកចិត្តទៅវិញទៅមក ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង ។
កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» (ភាសាខ្មែរ) បានសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិន ផ្តោតសំខាន់លើប្រធានបទដូចជា សហគមន៍រួមវាសនានៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តវេននិងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមក រវាងអរិយធម៌នានាជាដើម ដកស្រង់និងអធិប្បាយអំពីខ្លឹមសារ នៃយុគសម័យថ្មីនិងតម្លៃសកលភាវូបនីយកម្ម នៃវប្បធម៌ប្រពៃណីចិន ដែលបង្ហាញពីមូលដ្ឋានវប្បធម៌ នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើក ពីតម្រិះប្រាជ្ញានយោបាយដ៏ឆ្នើម មនោសញ្ចេតនាវប្បធម៌មនុស្សជាតិ និងទស្សនៈប្រវត្តិសាស្ត្រទូទៅ និងទស្សនៈពិភពលោកដ៏ទូលំទូលាយ របស់ប្រធានរដ្ឋចិន Xi Jinping ៕


