ព័ត៌មានជាតិ

ចិន ប្តេជ្ញាជួយកម្ពុជា អនុវត្តច្បាប់បង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ ប្រទេសចិន បានប្តេជ្ញាចិត្ត ក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន សំដៅដល់ល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ ។

យោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងការបរទេសខ្មែរ បានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានឯកភាព ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរ ទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការ រួមទាំងការ ហ្វឹកហ្វឺន និងសមយុទ្ធរួម ដូចជាការសង្គ្រោះបន្ទាន់ ការជួយសង្គ្រោះក្នុងគ្រាមហន្តរាយ និងការកែ លម្អផ្នែកសេវាវេជ្ជសាស្ត្រ និងភស្តុភារកម្ម។

ក្នុងនោះភាគីចិន បានកោតសរសើរកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេត ខុសច្បាប់ និងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាចិត្ត ក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំង ល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងការក្លែងបន្លំ៕

To Top