តាកែវ៖ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ចេញនូវមតិរិះគន់ក្នុងន័យស្ថាបនា ថា ផ្លូវជាតិលេខ២ ចាប់ផ្ដើមជួសជុល ដោយយកផេះថ្ម មកបាចពីលើការរោយកៅស៊ូស្ដើងៗ (ហុយ) ហាក់គ្មានស្ដង់ដា។

ផ្លូវជាតិលេខ២នេះ ត្រូវបានដេញថ្លៃសាងសង់ដោយក្រុមហ៊ុនកូរ៉េ (ហាន់ស៊ីង) ដែលហ៊ានដេញថ្លៃទាប។
ពលរដ្ឋសង្កេតឃើញថា ផ្លូវនេះមានកន្លែងខ្លះមានសភាពស្រុត-ប៉ោង ហើយមុនថ្ងៃបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ក្រុមហ៊ុនបានឆ្លៀត ឱកាសជួសជុលទាំងថ្ងៃទាំងយប់ ដើម្បីសម្រួលដល់ក្បួនធ្វើដំណើរ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមប្រភពមួយចំនួន បានអោយដឹងថាបច្ចុប្បន្នក្រុមហ៊ុននេះ បានប្ដូរឈ្មោះ ហើយកំពុងសាងសង់កំណាត់ផ្លូវជាតិលេខ48 (ស្រែអំបិល-កោះកុង) ផងដែរ។

ពលរដ្ឋបានលើកឡើងជាចម្ងល់ថា តើពេលណា បានធ្វើអោយគុណភាពផ្លូវ ដែលជាគម្រោងចំណាយថវិកាជាតិ ទាំងនេះ អាចលុបបំបាត់នូវពាក្យថា «ផ្លូវធ្វើអោយជាប់» ឬ «ធ្វើមុខខូចក្រោយ» ៕
