កំពត ៖ ករណីរឿងចាក់សាំង ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យបញ្ចប់ការវែកញែក នៅតាមបណ្ដាញសង្គម ព្រោះថា មានរឿងតិចតួច និយាយគ្នាទៅ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា នាពេលកន្លងទៅ ឱ្យតែមានបញ្ហាអ្វីមួយ គឺទៅប្ដឹងអ្នកទី៣ តាមរយៈហ្វេសប៊ុក គឺអត់ជជែកគ្នាទេ។ ដូច្នេះមានរឿងអ្វី ត្រូវនិយាយគ្នាទៅ កុំទៅប្ដឹងអ្នកទី៣។
សម្តេចបវរធិបតី ស្នើឱ្យបញ្ចប់ការវែកញែកទៅ ព្រោះរឿងនេះ (រឿងចាក់សាំង) គ្មានអ្នកណាឈ្នះ នោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រឿងនេះ វាមិនគួរជារឿងសោះ បើសិនជាយើងចេះយោគយល់គ្នា។ ខ្វះខាតអីយើងនិយាយគ្នាទៅ។ បើសិនជានិយាយជាមួយ (អ្នកនេះ)មិនត្រូវ យើងនិយាយជាមួយ(អ្នកនោះ)ទៅ។ ហើយ សូមឱ្យអំពាវនាវ ឱ្យបញ្ចប់ទៅ»។
ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ក៏អំពាវនាវឱ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តខិតខំបំពេញភារកិច្ច និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការវែកញែកតាមបណ្តាញសង្គមច្រើនមក ខាងភាគីអ្នកដែលចូលទៅចាក់សាំងនោះ ក៏បានបង្ហោះតាមបណ្តាញសង្គមតិកតុក ដែលមានគណីឈ្មោះ tangsokjeng ថា រូបគេបានចូលទៅការ៉ាស់សាំងខាងលើបំណងចាក់ប្រេងម៉ាស៊ូត ៥០លីត្រ តែខាងបុគ្គលិកនៅតែបង្ខំឱ្យចាក់ជាដុល្លារ ហើយក៏បានប្រាប់ទៅថា ទូរស័ព្ទដែលមានABA គឺអស់ថ្ម តែមានលុយខ្មែរនៅខាងក្រៅជិត ២០ម៉ឺនដែរ និងបានប្រាប់ឱ្យបុគ្គលិកយកតម្លៃម៉ាស៊ូតនោះ គុណនឹង ៥០លីត្រ នឹងឃើញទឹកប្រាក់ដែលត្រូវចំណាយ តែបុគ្គលិកនៅតែប្រកែកទើបខ្លួនសម្រេចចិត្តលើកទូរសព្ទថត។ ភ្លាមនោះបុគ្គលិកក៏បញ្ជាក់ថា លុយខ្មែរចាក់បានតែត្រូវគិតកន្ទុយ ហើយបញ្ជាក់ថា ខ្លួនផ្តោតទៅលើម្ចាស់ការ៉ាស់មិនមែនបុគ្គលិកទេ ព្រោះបុគ្គលិកត្រូវដូរលុយជាដុល្លារទៅឱ្យម្ចាស់ការ៉ាស់ ដោយខ្លួនយល់ថា ការធ្វើដូច្នេះគឺមានការកេងប្រវេញ្ច និងអត់គាំទ្រលុយខ្មែរ។
សូមជម្រាបថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចការ៉ាស់សាំង PTT នាភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹលឈូ ខេត្តកំពត ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 33 ៕
