ព័ត៌មានជាតិ

សម្តេចធិបតី ប្រតិកម្មសំដីរបស់ គឹម សុខ ថារដ្ឋាភិបាលក្រុងភ្នំពេញ ប្រគល់កម្ពុជាឲ្យចិនគ្រប់គ្រង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះពាក្យសំដី គ្មានមូលដ្ឋាននិងភស្តុតាងរបស់លោក គឹម សុខ ដែលបាននិយាយថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានប្រគល់ទឹកដី របស់ខ្លួនឲ្យប្រទេសចិនគ្រប់គ្រងទាំងមូល។

ការបញ្ចេញប្រតិកម្មនេះ ធ្វើឡើងក្នុងពិធីសម្ពោធកំពង់ផែខេត្តកំពតនាថ្ងៃ២១ មេសា ។ នៅក្នុងវេទិសាធារណៈក្រោយពីបញ្ចប់បុណ្យចូលឆ្នាំខ្មែរ នៅលើទឹកខេត្តកំពតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានហៅលោក គឹម សុខា ដែលត្រូវបានអតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំងតែងតាំងជាអ្នកនាំពាក្យ ចលនាតស៊ូរបស់ក្រុមប្រឆាំង នៅក្រៅប្រទេសគឺជាអ្នកនាំពាក្យ “ក្បាលទំពែក មុខជ្រួញ និងមាត់ស្ពេះ”។

បើតាមសម្តចធិបតី ការបញ្ចេញប្រតិកម្មរបស់សម្តេចនេះ បន្ទាប់ពីលោក គឹម សុខ បានយកសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ចិន ក្រោយបញ្ចប់ទស្សនកិច្ចរបស់លោក ស៊ី ជីនពីងប្រធានាធិបតីចិននៅកម្ពុជា ទៅអានវិភាគក្នុងចេតនាបំភ្លៃបំផ្លើសចំពោះឯកសារដើមថា សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង២គឺថា រាជរដ្ឋាភិបាលក្រុងភ្នំពេញនៃកម្ពុជា បានយល់ព្រមលើកកម្ពុជាទាំងមូលឲ្យទៅ ចិនកុម្មុយនីស្តគ្រប់គ្រង់ទាំងស្រុង តាំងពីវិស័យសន្តិសុខ កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ ព្រមទាំងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ។

ចំពោះការលើកឡើងដោយគ្មានការពិតនេះ សម្តេចធិបតីបានគូសបញ្ជាក់ទៅលោក គឹម សុខាថា “តើលោកបានមកពីណា ឯកសារនេះ ខ្ញុំមិនបានលាក់ទេ ឯកសារនេះយើងប្រកាសជាសាធារណៈឃើញជាចំហរ ។ លោកឯងយកឯកសារដែលសាធារណៈយកទៅ យកទៅបកស្រាយបែបនេះ គឺស្មើនឹងបំផ្លាញនូវការទុកចិត្តខ្លួនឯង ព្រោះប្រជាជនខ្មែរចេះអានដែរ មន្ត្រីរាជការយើងបើមិនជឿ ទៅមើលសេចក្តីថ្លែងការណ៍មើល ហើយស្តាប់អ្នកនាំពាក្យក្រុមប្រឹក្សាហ្នឹងមើល អ្នកនាំពាក្យក្បាលទំពេកមុខជ្រួញ មាត់ស្ពេះ” ។

សម្តេចបន្តថា ក្នុងនាម លោក គឹម សុខជាជនជាតិខ្មែរមួយរូបដែរនោះ ម៉េចក៏មិនព្រមលើកតម្កើងពីខ្មែរនិងនិយាយល្អ ពីខ្មែរទៅកាន់បណ្តាប្រទេសនានាផង ហេតុអ្វីនិយាយតែអាក្រក់ពី ប្រទេសរបស់ខ្លួនរហូតអីចឹង៕

To Top