ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ការបង្ការជំងឺមិនឆ្លង នឹងជួយកាត់បន្ថយ ចំណាយប្រាក់ក្នុងហោប៉ៅ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសិក្ខាសាលា ស្តីពីការពង្រីកការផ្តល់សេវាជំងឺឡើងសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺមហារីកមាត់ស្បូន នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក នាថ្ងៃ២១ មេសា បានលើកឡើងថា ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយ ប្រាក់ហោប៉ៅគ្រួសារលើសុខភាព។

ក្នុងឱកាសនៃការបើកសិក្ខាសាលានោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបញ្ជាក់ទៀតថា ការបង្ការជំងឺមិនឆ្លង អាចអនុវត្តប្រកបដោយជោគជ័យបាន ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប អង្គការដៃគូ ក្រសួងស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់អាជ្ញាធរ ភូមិ ឃុំ សង្កាត់។ ក្នុងនោះក្រសួងសុខាភិបាលកំពុងជំរុញការអនុវត្តផែនការពហុវិស័យជាតិ ស្តីពីការការពារ និងប្រយុទ្ធទៅនឹងជំងឺមិនឆ្លង ២០១៨ -២០២៧ ដែលត្រូវបានអនុម័តប្រើប្រាស់ ។

សាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងឥរិយាបថចម្បង៤រួមគ្នា ៖ របបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមាន ៖ ការឡើងសម្ពាធឈាម , ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម , ការលើសទម្ងន់ , ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រ ក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង ។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ក្នុងការជៀស បានពីជំងឺ និងស្លាប់ដោយសារជំងឺមិនឆ្លងចម្បងៗ គឺត្រូវការសមត្ថភាព ប្រព័ន្ធសុខាភិបាល រឹងមាំ អភិក្រម នវានុវត្ត និងយន្តការហិរញ្ញប្បទានសមស្រប ដើម្បីផ្តល់សេវាជំងឺមិនឆ្លង សេវាជំងឺសុខភាពផ្លូវចិត្ត ប្រកបដោយ ប្រសិទ្ធភាព និងកាត់បន្ថយជាអតិបរមាឥរិយាបទ ហានិភ័យដល់សុខភាព នៅក្នុងក្របខណ្ឌរួមនៃការពង្រឹងសមត្ថភាព និងទំនើបកម្មប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាព ដែលនាយកដ្ឋានជំនាញ និង អង្គភាពពាក់ព័ន្ធត្រូវ៖បន្តផលិតសារ និងសម្ភារអប់រំសុខភាព ទៅតាមប្រធានបទផ្សេងៗ ដូចជាតិចខ្លាញ់ តិចអំបិល តិចស្ករ ផលប៉ះពាល់ នៃផលិតផលគ្រឿងស្រវឹង ផលិតផលថ្នាំជក់និង បារីអេឡិចត្រូនិក ផលប៉ះពាល់ នៃការប្រើប្រាស់ ផលិតផលអនឡាញ ៕

To Top