ភ្នំពេញ ៖ រដ្ឋបាលស្រុកពួក នៃខេត្តសៀមរាប បានអះអាងបញ្ជាក់ពីភាពស្អាតស្អំរបស់លោកអភិបាលរងស្រុកពួកថា នៅថ្ងៃកើតហេតុមានជំលោះរវាងមន្រ្តីយោធា និងស្រ្តីម្នាក់នៅផ្ទះលោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូនប្រុសរបស់ខ្លួននោះ គឺលោកមិនមានវត្តមាននៅក្នុងផ្ទះ ដោយជាប់រវល់នៅក្នុងកម្មវិធី១ទៀត នៅក្រុងសៀមរាប ខណៈមានការផ្សព្វផ្សាយថា ពេលមានរឿងរ៉ាវកើតឡើងរួច គឺលោកអភិបាលរងស្រុក មិនបានយកចិត្តទុកដាក់ដោះស្រាយនិងសួរនាំអ្វីនោះទេ។
ការចេញស្រាយបំភ្លឺ របស់រដ្ឋបាលស្រុកពួកនេះ មានផេកហ្វេសប៊ុក ឈ្មោះ សៀមរាបប៉ុស្តិ៍ បានចុះផ្សាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥បានលើកឡើងថា “នៅស្រុកពួក ខេត្តសៀមរាប បុរសម្នាក់រងការរិះគន់ប្រើអំពើហិង្សាលើស្ត្រីមេម៉ាយ ក្នុងវង់ផឹកស៊ី យ៉ាងព្រៃផ្សៃ ស្ថិតនៅគេហដ្ឋានរបស់លោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូន ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប កើតចេញពីជំលោះស្រាដបមានតម្លៃរាប់ពាន់ដុល្លារ” ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលស្រុកពួក បញ្ជាក់ថា ចំពោះករណីប្រព្រឹត្តអំពើហិង្សានេះគឺផ្តើមចេញពីទំនាស់ពាក្យសម្តីរឿងបាត់(ស្រាដប) រវាងឈ្មោះ ប៊ូ ហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មន្ត្រីយោធា ដោយចោទថា ឈ្មោះ សា ខាវី ជាស្ត្រីមេម៉ាយ បានលួចស្រារបស់ខ្លួន រហូតដល់កើតឡើងជាអំពើហិង្សា នៅគេហដ្ឋានរបស់លោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួប កំណើតកូនដែលរៀបចំឡើងជាលក្ខណៈគ្រួសារ។
សេចក្តីបំភ្លឺបន្តថា ករណីអំពើហិង្សានេះ កើតឡើងរវាងបុគ្គល និងបុគ្គល មិនពាក់ព័ន្ធនឹង លោកអភិបាលរងស្រុកពួកទេ ដោយសារនៅក្នុងហេតុការណ៍នោះ លោកមិនបាននៅគេហដ្ឋានទេដោយជាប់រវល់ចូលរួមកម្មវិធី១ទៀត ក្នុងក្រុងសៀមរាប តាំងពីម៉ោង៥ល្ងាច រហូតដល់ម៉ោង១១យប់ ទើបត្រឡប់មកគេហដ្ឋានវិញ។ លុះព្រឹកឡើង ភរិយាបានប្រាប់ពីហេតុការណ៍ឱ្យលោកបានដឹង និងប្រាប់ថា ឈ្មោះ សា ខាវី ដែលជាស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាត ។ ចំពោះករណីនេះលោកគិតថា ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ហើយលោកក៏មិនបានធ្វើ ការសួរនាំ ឬអន្តរាគមន៍អ្វីឡើយចំពោះករណីហិង្សានេះ។
រីឯការលើកឡើងថាស្រាដបមានតម្លៃរាប់ពាន់ដុល្លារ គឺមិនមែនជាការពិតនោះទេ ដែលស្រានោះម៉ាក Esprit de Pavie ផលិតឆ្នាំ២០១៨ មានតម្លៃប្រហែលជាង ១០ដុល្លារតែប៉ុណ្ណោះ៕
