ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អង់គ្លេស ពិនិត្យការសាងសង់ ព្រលានយន្តហោះតេជោ និងចុះ MoU ជាមួយក្រសួងសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ លោកស្រី Catherine West MP អនុរដ្ឋលេខាធិការ (ឥណ្ឌូ-ប៉ាស៊ីហ្វិក) នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស អមដំណើរដោយលោក Dominic Williams អគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា និងមន្ត្រីនៃស្ថានទូតជាច្រើនរូប បានអញ្ជើញទស្សនកិច្ច ពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នៅអាកាសយានដ្ឋានតេជោ ខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងដំណើរអញ្ជើញពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ របស់លោក Dominic Williams អគ្គរាជទូតអង់គ្លេស នាឱកាសនេះ ធ្វើឡើង២ដងមកហើយ ខណៈដែលក្រុមហ៊ុនឈានមុខរបស់ប្រទេសអង់គ្លេស គឺជាអ្នរចនាប្លង់ផ្ទាល់ ។

ជាមួយគ្នានោះលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Catherine West MP អនុរដ្ឋលេខាធិការ (ឥណ្ឌូ-ប៉ាស៊ីហ្វិក) នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បានចុះហត្ថលេខាថ្មី លើអនុស្សរណៈនៃការយោគយល់ ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការកំណត់ប្រភពហិរញ្ញប្បទាន និងការកៀរគរហិរញ្ញប្បទាន គម្រោងពីវិស័យឯកជន, ព្រមទាំងសម្របសម្រួល ទៅដល់ការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិតេជោតែម្តង។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ, រាជរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស មានគោលបំណងផ្តល់ការគាំទ្របច្ចេកទេស និងជំរុញការវិនិយោគដល់កម្ពុជា តាមរយៈក្របខណ្ឌភាពជាដៃគូ វិនិយោគរបស់ចក្រភពអង់គ្លេស, ដោយកៀរគរធនធាន ជំនាញឯកទេសពីវិស័យឯកជន និងការតភ្ជាប់ ទៅនឹងប្រភពហិរញ្ញប្បទាននានា ក្នុងតំបន់និងអន្តរជាតិ ដើម្បីមកបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

ក្នុងឱកាស នៃពិធីចុះហត្ថលេខានេះ, លោក មាស សុខសេនសាន លើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងស្ថានទូតអង់គ្លេស និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក ជាពិសេសលើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធបៃតង និង សារៈសំខាន់នៃ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើសសរស្តម្ភគន្លឹះៗ ចំនួន ៥ ពោលគឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។

ជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅកម្ពុជា ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០២១ និង នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូវបានដាក់ឱ្យប្រើ តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីខែសីហា ឆ្នាំ២០២២ ដែលនឹងដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាពិសេសការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកកម្ពស់ ការផ្តល់សេវាសាធារណៈនៅកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ប្តេជ្ញាបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ និងជំរុញនូវការវិនិយោគពីចក្រភពអង់គ្លេស ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់ថ្មីនេះ នឹងជំបន្តរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស ក្នុងការរៀបចំអភិវឌ្ឍ គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងនៅកម្ពុជា តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយនឹងផ្តោតសំខាន់ លើការគិតគូរផ្នែកបរិស្ថាននវានុវត្តន៍ ដូចជា ការប្រើប្រាស់ថាមពលកកើតឡើងវិញ, ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព, ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាព, និងការគិតគូរផ្នែកបរិស្ថានចក្រា ជាដើម ដើម្បីបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៃកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងបន្តកិច្ចសហការលើវិស័យអាទិភាព និងគម្រោងសក្តានុពលផ្សេងៗ ក្រោមកិច្ចសហប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង ផងដែរ៕

To Top