ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ ជួបប្រជុំទ្វេភាគីជាមួយ លោកស្រីបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្នុងគោលបំណងពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP។
ជំនួបទ្វេភាគីនេះ មានការចូលរួមពីតំណាងគណៈកម្មាធិការជាតិអេស្កាប់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងផែនការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានពាំនាំនូវសេចក្តីសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះលោកស្រី Armida Salsiah Alisjahbana ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះ លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រពេញទំហឹងដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ី និងប៉ាស៊ីហ្វិកទាំងមូល។
លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ UN-ESCAP ក្នុងការរៀបចំគោលនយោបាយជាតិសកម្មភាពមីនកម្ពុជា ដែលជាផែនទីបង្ហាញផ្លូវវិស័យសកម្មភាពមីននៅកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំ ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក បានគូសបញ្ជាក់ថា សកម្មភាពមីន បានចូលរួមយ៉ាងសំខាន់នៅក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបានស្នើសុំ UN-ESCAP បន្តគាំទ្រការអនុវត្តគោលនយោបាយថ្មីនេះ ជាពិសេសលើការកសាងធនធានមនុស្ស នវានុវត្តន៍ ការគ្រប់គ្រងទិន្នន័យ និងការកៀរគរធនធានប្រកបដោយចីរភាព។
បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ UN-ESCAP ដែលថ្មីៗនេះ បានប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់បញ្ញាសប្បនិម្មិត (Artificial Intelligence) ដែលនឹងចូលរួមយ៉ាងសំខាន់ ដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (២០២១-២០៣៥) និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ជាការឆ្លើយតប លោកស្រី បណ្ឌិត Armida Salsiah Alisjahbana ប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាគាំទ្រដល់ការលើកកម្ពស់វិស័យបញ្ញាសប្បនិម្មិតនៅកម្ពុជា ក៏ដូចជាការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ និងជំរុញដល់នវានុវត្តន៍ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា តាមរយៈបណ្តាញធុរៈកិច្ចប្រកបដោយចីរភាពរបស់ ESCAP (ESCAP Sustainable Business Network)៕





