ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង​ សួរ​ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន៣ ជាមួយភាគីថៃ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន ៣ ជាមួយភាគីថៃ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ ឯកសារចំនួន ៣ ដែលត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ រួមមាន៖

១. លិខិតប្តូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលចុះហត្ថលេខារវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។

២. អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខារវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក​ Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ។

៣. កិច្ចព្រមព្រៀង ស្តីពី ការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលចុះហត្ថលេខារវាងលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារនៃព្រះរាជាណាចក្រថៃ៕

To Top