ភ្នំពេញ ៖ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃជាមួយស្វាមីនៅកម្ពុជារយៈពេល២ថ្ងៃ(២៣-២៤មេសា) បានប្រព្រឹត្តទៅស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងប្រទេសទាំងពីរ ហើយក៏បានឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរផងដែរ។

ការលើកឡើងរបស់បណ្ឌិតជំនាញវិទ្យាសាស្រ្តនយោបាយនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកវិភាគ និងក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសយកករណីកោះគុត និងប្រាសាទតាមាន់មកធ្វើជាប្រធានបទពិភាក្សាគ្នា ដើម្បីដាក់បន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថៃ ។

តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៤ មេសា នេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានវាយតម្លៃចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលថៃនៅកម្ពុជាថា ធ្វើឡើងស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួ ដោយលោកបណ្ឌិតគូសបញ្ជាក់ថា នេះគឺជាសញ្ញាណល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ និងជាចំណែកមួយនៃការរំឭកខួបទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសជិតខាងទាំងពីរផងដែរ។

លោកបណ្ឌិត យង់ ពៅ បានអះអាងថា ប្រសិនបើប្រទេសជិតខាងទាំងពីរមានបញ្ហាប្រឈមមួយចំនួននឹងគ្នា ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមិនជួបជជែកពិភាក្សាដោះស្រាយជាមួយគ្នានោះទេ នោះបញ្ហានឹងមិនអាចដោះស្រាយរួមគ្នាបានឡើយ។ ម្យ៉ាងទៀត កម្ពុជានិងថៃ គឺជាប្រទេសមានព្រំដែនជាប់គ្នា ដែលបញ្ហានានាតែងតែកើតឡើងដោយចៀសមិនផុតឡើយ ទោះក្នុងកម្រិតណាមួយក៏ដោយ។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់អំពីរបបនយោបាយនិងស្ថានភាពនយោបាយនៃប្រទេសទាំងពីរផងដែរថា ទាំងកម្ពុជានិងថៃ សុទ្ធសឹងតែប្រកាន់យករបបប្រជាធិបតេយ្យ និងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ហេតុនេះហើយ ដែលជាហេតុនាំឱ្យមាននិន្នាការទស្សនៈនយោបាយផ្សេងៗគ្នាក្នុងសង្គមដោយចៀសមិនផុត ដែលក្នុងកាលៈទេសៈខ្លះ ក្រុមអ្នកមាននិន្នាការផ្សេងពីរដ្ឋាភិបាលក៏បានបង្កជារលកនយោបាយ និងឆ្លៀតឱកាសកេងចំណេញលើស្មារតីជាតិនិយមរបស់ប្រជាជន ដូចជាករណីបញ្ហាអធិបតេយ្យនៃប្រទេសទាំងពីរ ដែលកន្លងមក ត្រូវបានក្រុមប្រឆាំងនៃប្រទេសទាំងពីរបញ្ឆេះឱ្យពលរដ្ឋប្រទេសទាំងពីរមានមន្ទិល និងកំហឹងទៅលើរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ថៃជាដើម។

លោកបណ្ឌិតសង្ឃឹមថា តាមរយៈការជួបជជែកពិភាក្សាគ្នាដោយផ្ទាល់ រវាងមេដឹកនាំនៃប្រទេសទាំងពីរ អាចឈានទៅរកដំណោះស្រាយមានប្រសិទ្ធភាព និងប្រកបដោយការយោគយល់និងភាពបត់បែនទៅតាមស្ថានការណ៍ជាក់ស្ដែងនៅក្នុងករណីនីមួយៗបានយ៉ាងងាយស្រួល ព្រមទាំងអាចឈានទៅការរកឃើញគន្លឹះល្អៗ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើងថែមទៀតផងដែរ៕
