ព័ត៌មានជាតិ

ក្រសួងកសិកម្ម ៖ ពុំមានការណែនាំណាមួយ ឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជា

ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ពុំមានការណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជានោះទេ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា « ពុំមានការ ណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (សាយតេស-CITES) ដូចមានចុះផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ របស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានដកស្រង់អត្ថបទចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ របស់សារព័ត៌មានបរទេសមួយឈ្មោះ Mongabay មានខ្លឹមសារថា កម្ពុជានៅតែបន្តនាំចេញសត្វ ស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (CITES) បានណែនាំឱ្យ ផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ»។ ការចុះផ្សាយអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ (RFI) គឺជាការ ផ្សាយដោយមិនមានការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ និងពុំទាន់សមស្របតាមវិជ្ជាជីវៈ ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ គឺមិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដូចការលើកឡើងនោះឡើយ។

សត្វស្វាក្តាមត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វព្រៃមានដោយបង្ហូរនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធII នៃអនុសញ្ញាសាយតេស។ ការចិញ្ចឹម បង្កាត់ពូជ និងធ្វើអាជីវកម្មនាំចេញសត្វស្វាក្តាមរបស់កម្ពុជាបានអនុវត្តត្រឹមត្រូវ អនុលោមតាមនីតិវិធី ច្បាប់ជាតិ លិខិតបទដ្ឋានគតិយុត្ត និងអនុសញ្ញាអន្តរជាតិនានាដែលពាក់ព័ន្ធ រួមទាំងឈរលើ គោលការណ៍មនុស្សធម៌ និងសមធម៌។

សត្វស្វាក្តាមមានលក្ខណៈជីវសាស្ត្រ និងក្រុមប្រភេទឈាមស្រដៀងនឹងមនុស្ស ដូចនេះហើយបានជាមានតម្រូវការសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតឱសថ វ៉ាក់សាំង មុននឹងយក មកប្រើប្រាស់លើមនុស្ស។

សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលបានចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថ និងវ៉ាក់សាំង ដើម្បី ជួយសង្គ្រោះជីវិតមនុស្សជាតិ និងចូលរួមរក្សាសន្តិសុខសុខភាពសកល តាមរយៈការផ្គត់ផ្គង់សត្វស្វាក្តាម ជាពិសេស នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (COVID-19) ដែលតម្រូវការសត្វស្វាក្តាមសម្រាប់ពន្លឿន ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតឱសថ និងវ៉ាក់សាំង មានការកើនឡើងទ្វេដង៕

To Top