ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំនគរបាលចរាចរណ៍ទាំងអស់ ត្រូវបន្ដសកម្មភាពផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកទៅកាន់ប្រជាពលរដ្ឋ ដោយបូករួមជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈសាកសមជាមន្ដ្រីនគរបាលអ្នកអនុវត្តច្បាប់។
ការណែនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផលការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានក្រើនរំលឹកកម្លាំងនគរបាលពាក់ព័ន្ធ ពិសេសនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវបន្ដរួមសហការគ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឲ្យកើនឡើង ដោយបូកជាមួយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។



នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ ដែលមានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាជាមួយឆ្នាំកន្លងទៅ។ ការធ្លាក់ចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋ និងម្យ៉ាងដោយសារការខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំរបស់នគរបាលចរាចរណ៍។
យ៉ាងណាក៏ដោយ បើទោះបីក្នុងរយៈពេលចូលឆ្នាំកន្លងទៅគ្រោះថ្នាក់ចរាចរណ៍មានការថយចុះយ៉ាងណាក្ដី ប៉ុន្ដែ នាយឧត្តមសេនីយ៍ ស ថេត នៅតែផ្ដល់អនុសាសន៍ណែនាំបន្ថែមឲ្យនគរបាលចរាចរណ៍ទាំងអស់ ត្រូវបន្ដសកម្មភាពធ្វើការផ្សព្វផ្សាយ អប់រំ អំពីច្បាប់ចរាចរណ៍ផ្លូវគោកទៅកាន់ប្រជាពលរដ្ឋឲ្យកាន់តែមានការយល់ដឹងបន្ថែមទៀត ដោយបូករួមជាមួយការអនុវត្តច្បាប់ ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈសាកសមជាមន្ដ្រីនគរបាលអ្នកអនុវត្តច្បាប់ ប៉ុន្ដែម៉ឺងម៉ាត់ចំពោះតួនាទីភារកិច្ច៕
