ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារឧសភា ឆ្នាំ២០២៥

" "

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារឧសភា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៥ ដោយបានបញ្ជាក់អំពីវឌ្ឍនភាពតាមកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យជនបទ, ទី៣. ការជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ទី៤.ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងទី៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

" "

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍វឌ្ឍនភាព និងទិសដៅការងាររួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅរាជធានី ខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម តាមផែនការសកម្មភាព ក្នុងក្របខ័ណ្ឌតួនាទី ភារកិច្ចរបស់ក្រសួង រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

" "

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា សមិទ្ធផលដែលក្រសួងសម្រេចបានទាំងនេះ កំពុងវិវត្តលើមាគ៌ាដ៏ត្រឹមត្រូវដើម្បីបម្រើផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជននៅតំបន់ជនបទ ដោយបានធ្វើឱ្យលក្ខខណ្ឌនៃការរស់នៅរបស់ពួកគាត់មានភាពកាន់តែប្រសើរឡើង និងកំពុងចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ និងស័ក្ដិសិទ្ធិភាព ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងស្របតាមអភិក្រមពង្រឹង ៧០% និងពង្រីក ៣០%៕

To Top