ភ្នំពេញ៖ ថ្លែងចំពោះមុខថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នការផ្សះផ្សាវិវាទការងារ ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយុទ្ធការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលារ។

នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល ក៏ខិតខំលើកកម្ពស់សិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់សហជីព និងអនុញ្ញាអន្ដរជាតិខាងការងារ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។


សម្តេចបវរធិបតី បន្ដថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ ចំនួន ៦ ៦០០ ក្នុងនោះ សហជីពមាន ចំនួន៤២, សហព័ន្ធសហជីព ចំនួន២៨១, សហជីពមូលដ្ឋាន ចំនួន៦ ២៦៥ និងសមាគមនិយោគជក ចំនួន១២។


សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ជាមួយគ្នានេះ ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយុទ្ធការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលារ។ ជាក់ស្ដែងក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ អត្រាផ្សផ្សានៃវិវាទការងារ នៅកម្រិតក្រសួង គឺបានកើនឡើង ៨៧% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤ ដែលមានត្រឹមតែ ៨៤%ប៉ុណ្ណោះ។
កិច្ចការងារទាំងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណចំពោះការងារយកចិត្តទុកដាក់ និងការខិតខំរបស់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
