ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាទេ ត្រូវរួមគ្នាដោះស្រាយការងារ រកអត្ថប្រយោជន៍ ជូនទាំងនយោជក និងកម្មករ កម្មការិនី ដោយកុំយករឿងផ្សេង លូកចូលទៅក្នុងការងារសហជីព នាំឱ្យជាប់គាំដោះស្រាយមិនរួចលើបញ្ហាមួយចំនួន ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់” នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយច ង្វារ (OCIC)នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានផ្តែផ្តាំ ដល់សហជីព និងអ្នកសម្របសម្រួលកម្មករ កម្មការិនីមួយចំនួន កុំចេះតែលូកដៃ បើលូកដៃផ្តល់ការគាំទ្រ ផ្តល់ទីប្រឹក្សាតាមច្បាប់អនុញ្ញាត រដ្ឋាភិបាលឯកភាព និងគាំទ្រ តែកុំទៅលូកដៃដោះស្រាយ ក្រោមហេតុផលទាញយកផលប្រយោជន៍អ្វីផ្សេង ដែលមិនអាចដោះស្រាយ ធ្វើឱ្យជាប់គាំង ។
ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា បញ្ហាផលប្រយោជន៍ សម្តេចដឹងថា នរណាក៏ចង់បានច្រើនដែរ តែសូមកុំឱ្យលើសពីគោលការណ៍ច្បាប់ នាំឱ្យដោះមិនចេញ ជាប់គាំង នឹងធ្វើឱ្យបាត់បង់ផល់ប្រយោជន៍ដល់កម្មករ កម្មការិនី ដែលនៅចន្លោះកណ្តាល ពោលទៅមុនមិនរួច បកក្រោយមិនកើត ។
សម្តេចធិបតី បានថ្លែងថា “អង្គការសហជីព អង្គការវិជ្ជាជីវៈ ត្រូវធ្វើយ៉ាងណា ជាតំណាងធ្វើប្រតិបត្តិ ការពារអត្ថប្រយោជន៍របស់កម្មករ កម្មការិនី ចូលរួមរកវិធីដោះស្រាយរបស់យើង ជាពិសេសការងារលំបាក ផ្អែកឱ្យអនុឡោមតាមច្បាប់ ហើយសូមយកវិជ្ជាជីវៈ អនុឡោមនិងប្រព្រឹត្តិតាមក្របខណ្ឌវិជ្ជាជីវៈ កុំយករឿងអីផ្សេងលូកចូលទៅក្នុងការងារសហជីព ខ្ញុំសូម ឱ្យច្បាស់ ទើបយើងដោះស្រាយ ដោយមានភាតរភាពជាមួយគ្នា រារដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវទេ យើងរួមគ្នាដោះស្រាយការងារ រកអត្ថប្រយោជន៍ ទាំងនយោជក ក៏កូនយើង ទាំងនិយោជិក ក៏កូនយើង ជាគ្រួសារតែមួយ បើមានវិវាទមានអ្វី រកវិធីដោះស្រាយ ដើម្បីយើងកុំឱ្យផ្ទះយើងវាឆេះ” ។
ជាមួយគ្នានេះ សម្តេចធិបតី ក្រើនរំលឹកបន្ថែមថា ប្រសិនបើរោងចក្រត្រូវបិទទ្វា គួរណារកដំណោះស្រាយ ដែលអាចជាសំណងប៉ះប៉ូវយ៉ាងណា ឬអត្ថប្រយោជន៍ណាមួយ ដែលច្បាប់អនុញ្ញាត ដោយរដ្ឋនឹងខិតខំជួយ ព្រមទាំងបានអំពាវនាវ ឱ្យបងប្អូនកម្មករ កម្មការិនី ប្រកាន់ខ្ជាប់នូវអ្វីដែលជាផលប្រយោជន៍របស់ខ្លួន ជាពិសេសកុំស្តាប់អ្នកទី២ ដែលគ្មានផលប្រយោជន៍ ហើយទាមទារ និងញុះឱ្យធ្វើអ្វីដែលមិនគោរពតាមច្បាប់ ហើយដាក់លក្ខខណ្ឌ ដែលមិនអាចចរចាបាន ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “រឿងមិនមែនរឿងឆ្លាត រឿងអីទេ រឿងដោះស្រាយយកឈ្នះឈ្នះ ដោយសារទូកវាលិចហើយ ត្រូវរកមិចជួយសង្គ្រោះ រោងចក្របានបិទទ្វារហើយ ចឹងយើងត្រូវរកយ៉ាងមិចសង្គ្រោះបងប្អូនយើងបាន ការប៉ះប៉ូវទៅតាមច្បាប់អនុញ្ញាត ដើម្បីគាត់មានឱកាសទៅរកការងារផ្សេងទៀត ជាជាងនៅពាំត្រណោតរាំរៃ មកលើកផ្លាករហូត ទោះបីជាគេដោះស្រាយតាមក្របខណ្ឌច្បាប់ យ៉ាងណាក៏ដោយ នៅមានបន្ត កន្លែងខ្លះនៅលើកផ្លាករាប់សិបឆ្នាំ ទោះបីជាអនុវត្តតាមច្បាប់ ដោះស្រាយអីក្រុមប្រឹក្សាវិវាទអី រាប់រយនាក់គេទទួលហើយ នៅសល់ប៉ុន្មាននាក់ ប៉ុន្តែដោយសារការចញ្ជឹមចលនាមួយចំនួន ខ្ញុំមិនថាអ្នកណាទេ ប៉ុន្តែសូមឱ្យអនុវត្តឱ្យបាន ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា” ។
បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាល គាំទ្រផ្តល់សិទ្ធិអង្គការវិជ្ជាជីវៈ ខណៈដែលរដ្ឋាភិបាល បានត្រឹមតែចេញគោលនយោបាយ ដើម្បីបើកសិទ្ធិសេរីភាពជូនតែប៉ុណ្ណោះ ដែលកិច្ចការទាំងអស់នេះ ទាមទារឱ្យចូលរួមពីអង្គការវិជ្ជាជីវៈ គឺសហជីព ប្រតិភូបុគ្គលិក ដើម្បីរួមគ្នាធ្វើការការពារគ្នា៕
