ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា មហាអំណាចចិន មិនត្រឹមតែមិនបោះបង់ចោលមិត្តទេ តែចិនបាននិងកំពុងបង្កើនកិច្ចសហការ ជាមួយបណ្តាប្រទេសទាំងអស់ ក្រោមគោលនយោបាយ ផ្លូវនិងក្រវ៉ាត់ (BRI) ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ លោក សយ សុភាព បានឱ្យដឹងថា ឆ្លងតាមរយៈនៃការចូលរួមសិក្ខាសាលា៩ថ្ងៃ និងការសិក្សាស្វែងយល់ ដល់មូលដ្ឋានពិតប្រាកដប្រទេសចិន នៅពេលនេះកំពុងអភិវឌ្ឍន៍ខ្លាំងណាស់ ហើយចិនមិនបានតក់ស្លុត និងចុះញ៉មជាមួយអ្នកដែលមើលងាយចិនទេ។
លោកបានឱ្យដឹងទៀតថា សិក្ខាសាលានេះរៀបចំ ដោយបក្សកុម្មុយនិស្ដចិន ដែលមានក្រុមសិក្សាស្រាវជ្រាវជាន់ខ្ពស់ មកពីអាស៊ីខាងត្បូងនិងអាស៊ាន រៀបចំនៅទីក្រុងប៉េកាំង និង ខេត្តចុងជីង នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកបន្ថែមថា ប្រទេសមហាអំណាចចិន មិនត្រឹមតែមិនបានបោះបង់ចោលមិត្តទេ តែចិនបាននិងកំពុងបង្កើនកិច្ចសហការ ជាមួយបណ្តាប្រទេសទាំងអស់ ដែលចិនបានហៅថា Global South (ប្រទេសកំពុង អភិវឌ្ឍន៍និងអភិវឌ្ឍន៍តិចតូច) ក្រោមគំនិតផ្តួចផ្តើម របស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ប្រទេសចិន បានហៅខ្លួនឯងថា នេះជាសករាជឬយុគសម័យថ្មី របស់ប្រទេសចិន។ គោលនយោបាយដ៏ធំអស្ចារ្យគឺ ប៊ី អា អាយ( ប្រ៊ី BRI)។
លោក សយ សុភាព ក្នុងនាមជាអ្នកសារព័ត៌មានខ្មែរម្នាក់ និងជាក្មេងជំនាន់ក្រោយ ពិតជាមិនអាចបំភ្លេចគុណណូបក្ការៈ របស់សម្តេចព្រះបិតាជាតិ ព្រះបាទ នរោម សីហនុ បានទេ។ ព្រះអង្គ បានចូលរួមបង្កើតចលនាមិនចូលបក្ខសម្ព័ន្ធ នៅបាន់ដុង ប្រទេសឥណ្តូនេស៊ី ក្នុង១៩៥៥ ហើយគាំទ្រគោលនយោបាយចិនតែមួយ។
លោក សយ សុភាព ក៏សូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន និងបានចូលរួមបង្កើតគោលនយោបាយមហាយក្សកសាងពិភពលោក BRI នៅប្រទេសកាហ្សាក់ស្ថាន ក្នុង២០១៣។
លោក សយ សុភាព សូមគោរពអរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត មេដឹកនាំខ្មែរជំនាន់ទី៣ ដែលគោរពដង្ហែតាមសម្តេចព្រះបិតាជាតិ និងសម្តេចបិតាសន្តិភាព។
ជាមួយគ្នានេះ លោក សយ សុភាព ក៏បានអំពាវនាវអ្នកនយោបាយជំនាន់ក្រោយផ្សេងទៀត ឱ្យពិចារណាដើរតាមកំពូលមេដឹកនាំខ្មែរ ជំនាន់មុននិងសិក្សាឡើងវិញ អំពីភូមិសាស្ត្រនយោបាយ និង បណ្តាសារភូមិសាស្ត្រ ដើម្បីដាក់ចេញនូវគោលនយោបាយមួយ ដ៏ត្រឹមត្រូវ។
លោក បញ្ជាក់ថា «សករាជថ្មីនេះគឺ ចិន មិនមែនសហរដ្ឋអាមេរិក ដឹកនាំពិភពលោកម្នាក់ឯង ហើយវាគ្រោះថ្នាក់នាពេលអនាគត»៕
