ព័ត៌មានជាតិ

នាវាកងទ័ពជើងទឹក វៀតណាម ធ្វើទស្សនកិច្ចនៅផែ មូលដ្ឋានសមុទ្ររាម

ភ្នំពេញ ៖ នាវាកងទ័ពជើងទឹក ប្រជាជនវៀតណាម១គ្រឿង លេខ២៦១ ដឹកនាំដោយលោកវរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជន វៀតណាម បានចូលសំចតនៅកំពង់ផែ មូលដ្ឋានសមុទ្ររាម (ផែលេខ២) កាលពីរសៀលថ្ងៃ២៧ មេសា ។
នាវានេះមានលក្ខណៈបច្ចេកទេស HQ ២៦១ មានបណ្ដោយ ៤៩.៥៦ម៉ែត្រ , ទទឹង ៩.២ម៉ែត្រ , ជម្រៅទឹក ២.៣ម៉ែត្រ ទម្ងន់ផ្ទុក ៣៧៥តោន និងមាននាវិកសរុបចំនួន៣៧នាក់ ។

ក្នុងដំណើរចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម ទទួលស្វាគមន៍ពីលោកឧត្តមនាវីត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប ។

ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម នៅកម្ពុជារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧-២៩ មេសានេះ ក្នុងគោលបំណងពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងទឹកនៃប្រទេសទាំងពីរ។

នាវាវៀតណាមនេះ គឺជានាវាបរទេសទី២ ហើយត្រូវបានអនុញ្ញាត ឲ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន កាលពីថ្ងៃទី៥ ខែមេសា ៕

To Top