ព័ត៌មានជាតិ

ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៣ខែដើម ឆ្នាំ ២០២៥ និងទិសដៅសម្រាប់អនុវត្តបន្ត

កំពង់ចាម៖ លោក អ៊ុន ចាន់ដា  ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារ ៣ខែដើម ឆ្នាំ ២០២៥ និងទិសដៅសម្រាប់អនុវត្តបន្ត ។

ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខា លោក អ៊ុន ចាន់ដា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៣ខែដើមឆ្នាំ ២០២៥ នេះ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គម របស់ព្រះរាជាណាចក្រកម្ពុជា មានដំណើរការល្អប្រសើរ ក្រោមម្លប់នៃសុខសន្តិភាព ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ។

ពិសេស ការលើកកំពស់សកម្មភាពការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា – ការថែទាំសុខភាពសហគមន៍- ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន – ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក -ការកសាងភាពធន់សហគមន៍ – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា  ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ” ។

ទន្ទឹមនឹងនោះ លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក និងជម្រុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់ អនុវត្តបន្ត ដោយត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌ កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះឲ្យបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់ នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ៣យ៉ាង- បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយការជំរុញបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ៕

To Top