ភ្នំពេញ ៖ ក្នុងឱកាសអបអរគម្រប់ខួប ៣០ របស់ខ្លួន ណាហ្គាវើលដ៍ មានសោមនស្សរីករាយ ចូលរួមលើកកម្ពស់វប្បធម៌ ដ៏សម្បូររុងរឿងរបស់ខ្មែរ ដោយរៀបចំការសម្តែងល្ខោន ស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណ បែបអូខេស្ត្រាដ៏អស្ចារ្យ ។ ព្រឹត្តិការណ៍ដ៏ពិសេសរយៈពេល ១ ម៉ោង ១៥ នាទីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៥។

ការសម្តែងនៅថ្ងៃទី៩ ឧសភា ២០២៥ ផ្តល់ជូនសម្រាប់អ្នក ដែលមានសំបុត្រ អញ្ជើញប៉ុណ្ណោះ រីឯការសម្តែងនៅថ្ងៃទី១០ ឧសភា ផ្តល់ជូនសម្រាប់សាធារណជនទូទៅ ចូលទស្សនាដោយសេរី ដោយតម្រូវឲ្យសាធារណជនអញ្ជើញ ទៅទទួលសំបុត្រឥតគិតថ្លៃចាប់ពីថ្ងៃទី៥ ឧសភា ២០២៥នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២ ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការប្រគំតន្ត្រី ដោយវង់តន្ត្រីយុវជនអង្គរ សមាគមសិល្បៈសុវណ្ណភូមិ និងសាលាគុនល្បុក្កតោជ័យតេជៈ ។ បន្ថែមទៅលើការសម្តែងល្ខោន ស្រមោលស្បែកធំ និងគុនល្បុក្កតោ វង់តន្ត្រីយុវជនអង្គរនឹងផ្តល់ ជូនការប្រគំតន្ត្រីមរតកសំនៀង ប្រពៃណីខ្មែរផងដែរ។ ការសម្តែងល្ខោនស្រមោលស្បែកធំ នឹងផ្តល់ជាទស្សនីយភាព នៃសិល្បៈបុរាណខ្មែរដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែង ជាឈុតឆាកសាច់រឿង ខណៈការសម្តែងគុនល្បុក្កតោ នឹងបង្ហាញពីក្បាច់គុនបុរាណខ្មែរ ដែលមានស្នៀតប្រយុទ្ធ កម្លាំង និងកេរដំណែលវប្បធម៌ដ៏អស្ចារ្យ ។

បន្ថែមអំពីក្រុមសម្តែងទាំង៣ ៖
វង់តន្ត្រីយុវជនអង្គរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជនជាតិជប៉ុនលោក ស៊ិនិឈិ មិណាមិ មានអ្នកសិល្បៈ អាជីព ប្រមាណ ៧០ នាក់ និងដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និង លោក រ៉ម តារាវង្ស ។ វង់តន្ត្រីនេះ ត្រូវបានគេស្គាល់ តាមរយៈសមត្ថភាពប្រគំតន្ត្រីដ៏ពីរោះ និងការស្រឡាញ់ វិស័យសិល្បៈដ៏ជ្រាលជ្រៅរបស់ពួកគេ ។
សមាគមសិល្បៈសុវណ្ណភូមិ ដែលជាសមាគម សិល្បៈឯករាជ្យបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយទ្រទ្រង់វប្បធម៌ និងអរិយធម៌ របស់ខ្មែរឱ្យឋិតថេរ និងដឹកនាំដោយស្ថាបនិក លោកស្រី Delphine Kassem និងនាយកសិល្បៈ លោក ម៉ាន់ កុសល ដែលផ្តល់ឱកាស ឱ្យអ្នកសិល្បៈខ្មែរអាចសម្តែង ប្រកបរបរចិញ្ចឹមជីវិត និងចែករំលែកជំនាញរបស់ពួកគេ ។
សាលាគុនល្បុក្កតោជ័យតេជៈ គឺជាសាលាគុនល្បុក្កតោដំបូង ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៨ និងត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ២០២០។ គោលបំណងរបស់សាលាគុន គឺជួយអភិរក្សវប្បធម៌ខ្មែរ ដោយលើកកម្ពស់ ការយល់ដឹង អំពីវប្បធម៌តាមរយៈការចូលរួម និងចែករំលែកវប្បធម៌ខ្មែរ ជាមួយទស្សនិកជនជាតិ និងអន្តរជាតិ ។
កម្មវិធីនៃព្រឹត្តិការណ៍ទាំងមូល ៖
សាធារណជន អតិថិជន និងពុកម៉ែបងប្អូន នឹងទទួលបាននូវបទពិសោធន៍ ដ៏សប្បាយរីករាយជាមួយការសម្តែង របស់វង់តន្ត្រីយុវជនអង្គរ ឧបករណ៍ភ្លេងបុរាណ អ្នករបាំ និងក្រុមចម្រៀង ។ ការសម្តែងនេះ រួមបញ្ចូលការរឭកដឹងគុណ ដល់កេរដំណែល របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយ ។

សូមគោរពអញ្ជើញអ្នក ដែលស្រឡាញ់វប្បធម៌ ក្បាច់គុន ការប្រគំតន្ត្រី និងសាធារណជនទូទៅ ចូលរួមទស្សនាការសម្តែងដ៏អស្ចារ្យឱ្យបានគ្រប់ៗគ្នា។
បន្ថែមអំពីការផ្តល់ជូនក្នុងឱកាសប្រារព្ធខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ ៖
ការសម្តែងនេះ គឺជាការសម្តែងទី១ ក្នុងចំណោមការសម្តែងធំៗចំនួន ៤ នៅសាលមហោស្រព NABA ដែលនឹងផ្តល់ជូនពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមអំពីការសម្តែង និងប្រូម៉ូសិនផ្សេងៗ ក្នុងឱកាសខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ ជាមួយនឹងពាក្យ #NagaWorld30 ៕
