ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានចាត់ឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដង្កោ សហការជាមួយរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូន ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈដែលតំបន់នេះ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ចំនួន៣ថ្ងៃមកហើយ។
កិច្ចការខាងលើនេះ ត្រូវបានធ្វើឡើង ដោយមានការយកចិត្តទុកដាក់គិតគូរ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះប្រជាពលរដ្ឋ រស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់
ក្នុងឱកាសដឹកនាំកិច្ចការងារនេះ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយទទួលបានពត៌មាន អំពីស្ថានភាពរបស់ប្រជាពលរដ្ឋ រស់នៅក្នុងបុរី VIP ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ថាមានបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់នោះ ទើបនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំរដ្ឋបាលខណ្ឌដង្កោ និងសហការដោយរដ្ឋាករស្វ័យក្រុងភ្នំពេញ បានដឹកទឹកស្អាតមកផ្តត់ផ្តង់ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP នេះប្រើប្រាស់ជាបណ្តោះអាសន្នសិន។
ក្រោយមានការដឹកទឹកស្អាត យកទៅចែកជូនដល់ពួកគាត់ ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសការដឹកទឹកចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់នេះ៕





