ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការ សម្របសម្រួលការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវ ឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថល របស់រាជរដ្ឋាភិបាល។

លោក បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្ម ដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។

ថ្លែងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ ដែលសហការរៀបចំដោយគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តកំពង់ស្ពឺ លោក ហែម វណ្ណឌី បានលើកឡើងថា «យើងឃើញថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ ជាពិសេសក្នុង វិស័យឧស្សាហកម្ម ដែលមានរោងចក្រដ៏ច្រើន កំពុងរីកចម្រើនទៅមុខហើយ ។ ប៉ុន្តែដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ យើងក៏ត្រូវការឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន និងអាចចូលរួមក្នុងខ្សែ ច្រវាក់ផ្គត់ផ្គង់នានា ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនលើសលុបនៃតួអង្គសេដ្ឋកិច្ចរបស់យើង»។

សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះ មានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺប្រមាណ ៣.៥០០នាក់ ហើយនេះជាយុទ្ធនាការលើកទីបួន បន្ទាប់ពីយុទ្ធនាការនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប៕
