ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈ លោក Derek Yip, ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំាកម្ពុជា បានស្នើរដ្ឋាភិបាលអូស្ត្រាលី ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា មេត្តាជួយគាំទ្រ និងចូលរួមអនុវត្តគម្រោងភូមិគំរូគន្លឹះ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានជោគជ័យ ធ្វើអោយគ្រប់ភូមិក្នុងព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍ នៅមុនឆ្នាំ២០៥០។

ក្នុងឱកាសអនុញ្ញាតឱ្យ លោក Derek Yip និងសហការី ចូលជួបសម្តែងការគួរសមពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើង អំពីសមិទ្ធផលនានា ដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ“ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូល ក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង។ ក្នុងនោះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី នាពេលកន្លងមក ដោយប្រទេសអូស្ត្រាលី បានផ្តល់ជាហិរញ្ញប្បទានឥតសំណង រួមចំណែកក្នុងការស្ថាបនាផ្លូវជនបទ និងសំណង់សិល្បការ្យជាច្រើន ព្រមទាំងបានផ្តល់ ជាវគ្គបណ្តុះបណ្តាលនានា ជូនដល់មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍បទ និងរួមចំណែកជួយអភិវឌ្ឍន៍វិស័យទឹកស្អាត និងសុខភាពអនាម័យជនបទ តាមរយៈអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាផងដែរ។
លោក Derek Yip បានថ្លែងអំណរចំពោះ លោកឆាយ ឫទ្ធិសែន ដែលបានអនុញ្ញាតឱ្យលោកព្រមទាំងសហការី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។
លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលប្រទេសកម្ពុជា គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូរណាស់មកហើយ។ ហើយបច្ចុប្បន្នប្រទេសទាំងពីរ ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងជិតស្និទ្ធិ តាមរយៈការផ្តល់ជាជំនួយនានាមកកម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា ក្នុងអាណត្តិថ្មីរបស់លោក នារយៈពេល៩ខែកន្លងមកនេះ លោកបានចុះបំពេញបេសកកម្ម ក្នុងការត្រួតពិនិត្យសមិទ្ធផល នៃគម្រោងនានា ទាក់ទងនឹងវិស័យកសិកម្ម វិស័យអប់រំ វិស័យទឹកស្អាត និងអនាម័យជនបទ ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា និងសង្កេតឃើញ ពីការីកចម្រើនលើគ្រប់វិស័យនៅតំបន់ជនបទកម្ពុជា។
លោកឯកអគ្គរដ្ឋទូត ក៏បានប្តេជ្ញានឹងបន្តជួយអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងបន្តជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទរឹងនិងទុន នានាបន្ថែមទៀតនៅតំបន់ជនបទ តាមការស្នើសុំរបស់ក្រសួង។
មុននឹងបញ្ចប់ លោក ឆាយ ឫទ្ធិសែន ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ លើការរៀបចំភូមិគំរូគន្លឹះ ព្រោះភូមិគំរូគន្លឹះ គឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍដែលផ្ដល់សេវាសង្គម សេដ្ឋកិច្ច និងផលជះវិជ្ជមានដល់ភូមិដទៃដែលនៅជុំវិញ ដែលអាចធានាបាននូវកំណើនមុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ដែលកាត់បន្ថយវិសមភាពសង្គមរវាងជនបទ និងទីក្រុង ពោលគឺជាតំបន់ជនបទស៊ីវីល័យ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីដែលអញ្ជើញមកទស្សនកិច្ចនាពេលនេះ និងថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ៕
