ភ្នំពេញ៖ បុរសម្នាក់ដែលមិនដឹងថាមានមូលហេតុអ្វីបានជាចូលទៅកាប់សម្លាប់បងថ្លៃស្រីដោយគ្មានញញើតដៃនៅរាត្រីថ្ងៃ២៩ មេសានេះ ដល់ក្នុងបន្ទប់ដេកនោះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនបានហើយ ក្រោយធ្វើសកម្មភាពប្រហែលជាមួយម៉ោង។

ហេតុការណ៍កាប់សម្លាប់យ៉ាងព្រៃផ្សៃនេះកើតឡើង
នៅវេលាម៉ោង២០ និង៣០នាទី នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វ៉ា ស្រីនិច ភេទស្រី អាយុប្រហែល ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ ចិន ចាន់ចំណាប់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ត្រូវជាប្អូនថ្លៃជនរងគ្រោះ) ។
មុនពេលកើតហេតុជនរងគ្រោះ(សព)បានដឹកកូនស្រីចេញពីបុរីមកផ្ទះ ពេលមកដល់ផ្ទះជនរងគ្រោះបានឱ្យកូនទៅម្ដាយក្មេក ហើយក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនជាន់ទី១។ ភ្លាមនោះស្រាប់តែជនសង្ស័យដែលត្រូវជាប្អូនថ្លៃឈ្មោះ ចិន ចាន់ចំណាប់ ដែលកំពុងតែនៅក្នុងផ្ទះ បានកាន់កាំបិតប៉័ងតោចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបិទទ្វារ និងបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយមកជនសង្ស័យក៏បានរត់គេចខ្លួនបាត់។
តាមការបំភ្លឺពីម្ដាយបង្កើតរបស់ជនសង្ស័យថា ជនសង្ស័យបានធ្លាប់យកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនបីដងរួចមកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរតាមនីតិវិធី៕
