ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា៖ GE HealthCare និងក្រសួងសុខាភិបាលបានសហប្រតិបត្តិការ គ្នាយ៉ាងល្អ

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានកោតសរសើរចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាងក្រុមហ៊ុន GE HealthCare និងក្រសួងសុខាភិបាល ជាពិសេសតាមរយៈអនុស្សរណៈនៃការយោគយល់ គាំទ្រការអភិវឌ្ឍ និងធ្វើទំនើបកម្មឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ អភិវឌ្ឍន៍បច្ចេកវិទ្យាវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមបណ្តុះបណ្តាលបុគ្គលិកជំនាញថែមទៀតផង។

នេះជាប្រសាសន៍របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន GE HealthCare ដឹកនាំដោយលោកវេជ្ជបណ្ឌិត Rajan Kalidindi ប្រធានផ្នែកទីផ្សារ និងផែនការយុទ្ធសាស្រ្ត នាថ្ងៃ២៩ មេសា ។

រដ្ឋមន្រ្តីសុខាភិបាលបានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំរវាងភាគីពីរ ដើម្បីពិភាក្សាអំពីផែនការសហការបន្តរួមមាន ការអភិវឌ្ឍសេវាព្យាបាល ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃ បច្ចេកវិទ្យាថ្មីៗ ផ្នែកសុខាភិបាល។

លោកវេជ្ជបណ្ឌិត Rajan Kalidindi បានថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាលបន្តគាំទ្រការចូលរួមរបស់ក្រុមហ៊ុនលោក លើវិស័យសុខាភិបាលតាំងពីពេលចាប់ផ្តើម រហូតមកដល់ពេលនេះ។ លោកបន្តថា ក្រុមហ៊ុនគ្រោងនឹងសហការចូលរួមគាំទ្រ លើបេសកកម្មវិស័យសុខាភិបាល ដោយពង្រីកគម្រោងបណ្តុះបណ្តាលបន្ថែម ដល់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត។ ក្រុមហ៊ុនបន្តការប្តេជ្ញារួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា តាមរយៈការរួមបញ្ចូលការបំពាក់ឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងកម្មវិធីបណ្តុះបណ្តាលលើធនធានមនុស្ស ស្របទៅនឹងការវិវឌ្ឍន៍នៃវេជ្ជសាស្ត្រពិភពលោក សំដៅចូលរួមលើកកម្ពស់ជំនាញថែទាំសុខភាព និងសម្រាប់ការផ្តល់សេវាកម្មដ៏ល្អបំផុតជូនអ្នកជំងឺ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបង្ហាញមោទនភាព ចំពោះសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយដែលបានអភិវឌ្ឍន៍រួមគ្នា រវាង GE HealthCare និងក្រសួងសុខាភិបាល ដោយបញ្ជាក់ក្តីសង្ឃឹមថា កិច្ចសហការនេះនឹងជួយលើកកម្ពស់សមត្ថភាព , ប្រព័ន្ធថែទាំសុខភាពជាតិ , ទំនើបកម្មបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងការបណ្តុះបណ្តាលគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការផ្នែកថែទាំសុខភាពរបស់ប្រជាជនកម្ពុជា៕

To Top