ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍លោក ហួត ហាក់ បានសន្យាជាមួយលោក LI MENG CHEN ប្រធានក្រុម ប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. នឹងសហការជាមួយគ្នា ក្នុងការផ្សព្វផ្សាយ ពីតំបន់តារាសាគរ នៅខេត្តកោះកុង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាលេងកម្សាន្តនៅកម្ពុជា ខណៈតំបន់នេះគឺជាគ្រាប់ពេជ្រដ៏ធំមួយ ដែលបង្ហាញពីឆ្នេរ ដ៏ស្រស់ស្អាតសម្បូរណ៍ បែបដោយសម្រស់ធម្មជាតិ និងភាពស៊ីវិល័យ។

ការលើកឡើងរបស់រដ្ឋមន្រ្តី ក្នុងឱកាសអនុញ្ញាតឲ្យលោក LI MENG CHEN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. ចូលជួបពិភាក្សាការងារ ដើម្បីគោរពរាយការណ៍ពីវឌ្ឍនភាព គម្រោងអភិវឌ្ឍ របស់ក្រុមហ៊ុន និងស្នើសុំអនុសាសន៍ និងការគំាទ្រផ្សព្វផ្សាយ គម្រោងតារាសាគររបស់ក្រុមហ៊ុន ព្រមទាំងសំណើ ចូលរួមក្នុងព្រឹត្តការណ៍ បុណ្យសមុទ្រឆ្នាំ២០២៥ នាថ្ងៃ២៨ មេសា ។

រដ្ឋមន្ត្រីទេសចរណ៍បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពលើការ អភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញអ្នក ទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិន មកទស្សនាកម្ពុជា ពោលគឺតំបន់ឆ្នេរដ៏ ស្រស់ស្អាតរបស់កម្ពុជា ព្រមទាំងការចូលរួម ចំណែកយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍលើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកឲ្យកាន់តែសម្បូរណ៍បែប និងងាយស្រួល ព្រមទាំងផលិតផលទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជាច្រើន។

តបតាមការស្នើសុំរបស់ក្រុមហ៊ុន លោក ហួត ហាក់ បានអះអាងថា ក្រសួងនឹងសហការជាមួយជាមួយក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅស្រុក រួមទាំង Influencer ជួយផ្សព្វផ្សាយពីគម្រោង របស់ក្រុមហ៊ុនជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ឲ្យបានច្រើនបន្ថែមទៀត ។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ថ្លែងអំណរគុណដល់ក្រុមហ៊ុន ចំពោះសំណើចូលរួម ក្នុងព្រឹត្តការណ៍បុណ្យសមុទ្រ ឆ្នាំ២០២៥ ខាងមុខនេះ និងកិច្ចសហការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាពលរដ្ឋចិន ជាពិសេសពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសណ្តាប់ធ្នាប់សាធារណៈល្អ។
សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍តារាសាគរ ស្ថិតក្នុងខេត្ដកោះកុង មានគម្រោងអភិវឌ្ឍន៍ និងវិនិយោគចម្រុះរវាងកម្ពុជា-ចិន រួមមាន ៖ ឆ្នេរពេជ្រដ៏ស្រស់ស្អាត , គម្រោងសាងសងអាកាសយាន្តដ្ឋានតារាសាគរ , អាងស្តុកទឹកសាបចំនួន២ , ព្រៃកោងកាងពាមកាយ , គម្រោងផ្ទះលំហែពាមកាយ , ទីលានវាយកូនហ្គោលមាត់សមុទ្រ និងកំពង់ផែកោះស្តេច ដែលសុទ្ធសឹងតែជាទី តាំងសំខាន់ៗ នៃតំបន់អភិវឌ្ឍន៍តារាសាគរក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕
