ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានបេីកកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត។
លោក មាន សទិ បានលេីកឡេីងក្នុងអង្គប្រជុំថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ២៦ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការរៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច។
លោក បានបន្តថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កា ត់ក្នុងឆ្នាំ២០២៥ នេះក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មិនបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត(ក.ច.ប) ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។ ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ ក្រុមប្រឹក្សា ឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹង ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។ ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋ អាចអញ្ជើញទៅពិនិត្យមើលឈ្មោះ ក្នុងបញ្ជីបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬមើលតាមអាសយដ្ឋានវេប voterlist.nec.gov.kh ឬ តាមរយៈកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។
លោក មាន សទិ បានមានប្រសាសន៍ អំពីនីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ និងការបញ្ជូនទិន្នន័យមក គ.ជ.ប ថាប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត (ថ្ងៃទី ៣ ១ ខែកក្កដា ឆ្នាំ២០២៥) គឺអ្នកកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ អ្នកដែលមិនទាន់បាន ចុះឈ្មោះបោះឆ្នោតពីមុនមក ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ ត្រូវទៅជួបដោយផ្ទាល់ ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(អ.ខ) ទៅបង្ហាញដល់ប្រធា នក្រុមចុះឈ្មោះបោះឆ្នោត។
លោក បានបញ្ជាក់ថា ប្រសិនបើអាសយដ្ឋាន ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្ថិតនៅក្នុងឃុំ សង្កាត់ដែល ប្រជាពលរដ្ឋកំពុងរស់នៅនិងសុំចុះឈ្មោះបោះឆ្នោត នោះក្រុមចុះឈ្មោះបោះឆ្នោត នឹងរៀបចំ ចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប។
ប៉ុន្តែប្រសិនបើអាសយដ្ឋាន ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះបោះឆ្នោត នោះ ប្រជាពលរដ្ឋត្រូវយកបន្ថែម នូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ ក្នុងឃុំសងា្កត់ដែលស្នើសុំចុះឈ្មោះបោះឆ្នោត។ ចំពោះការធ្វើលិខិតបញ្ជាក់ទីលំនៅ ត្រូវធ្វើនៅសាលាឃុំ សង្កាត់ ស្របតាមប្រកាសរបស់ក្រសួងមហា ផ្ទៃ។
អំពីការកែតម្រូវទិន្នន័យជីវប្រវត្តិ ឬទិន្នន័យជីវមាត្រ លោក មាន សទិ បានបញ្ជាក់ជូនថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថតនិងស្នាមម្រាមដៃ) ត្រូវបានអនុវត្តសម្រាប់អ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ(ចុះឈ្មោះ បោះឆ្នោតក្នុងឆ្នាំ២០១៦)។ ប្រសិនបើអ្នកសុំចុះឈ្មោះបោះឆ្នោត ធ្លាប់បានចុះឈ្មោះបោះឆ្នោតរួចហើយ មានបំណងកែតម្រូវទិន្នន័យជីវប្រវតិ្ត ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ក្នុងបញ្ជីបោះឆ្នោត ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ត្រូវស្នើសុំឱ្យគាត់បង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ដែលបានប្រើពេ ល ចុះឈ្មោះបោះឆ្នោត ពីមុន ដែលមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ និងបង្ហាញបង្កាន់ដៃ បញ្ជាក់ការចុះឈ្មោះបោះឆ្នោត (ទ.១០២២) ប្រសិនបើមាន។
អំពីការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត លោក មាន សទិ បានមានប្រសាសន៍ថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ រួចបន្តទៅ គ.ជ.ប និ ងក្រុមប្រឹក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយណា ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មានភាពមិនត្រឹមត្រូវដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឬ/និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឬ/និ ងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។ យន្តការ និងសមត្ថកិច្ចក្នុងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទង នឹងការចុះឈ្មោះបោះឆ្នោតមាន ៣ថ្នាក់ គឺការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ការដោះស្រាយនៅថ្នាក់ គ.ជ.ប និងការដោះស្រាយពាក្យបណ្តឹង នៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
លោក មាន សទិ ក៏បានជម្រាបជូនអំពីលទ្ធផលបណ្តោះអាសន្ន នៃការចែកលិខិតអញ្ជើញជូន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ ដែលគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ការចែកលិខិតអញ្ជើញបានចំនួន ៩.១០១.១៩០នាក់ ស្មើនឹង ៩១,០៨% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ ការចែកលិខិតអញ្ជើញតាមភូមិ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ប្រសិនបើប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ មិនទាន់បានទទួលលិខិតអញ្ជើញនោះ សូមទៅទទួលលិខិ តអញ្ជើញនៅសាលាឃុំ សង្កាត់។
ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះបានលើកជាសំណួរអំពីចំនួនភ្នាក់ងារគណបក្សនយោបាយ នីតិវិធីនៃការចែកលិខិតអញ្ជើញ និងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ នឹងភ្នាក់ងារគណបក្សនយោបាយ គ.ជ.ប បានជម្រាបជូនថា រហូតមកទល់ពេលនេះមានគណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះភ្នាក់ងារគណបក្ស។ រីឯគណបក្សចំនួន ៦ទៀត បានជូនដំណឹងមក គ.ជ.ប អំពីការចុះបញ្ជីស្របច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ គ.ជ.ប ក៏បានថតចម្លងលិខិតនោះ រួចបញ្ជូនទៅឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីជ្រាបជាព័ត៌មាន និងជាឯកសារសម្រាប់ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ។ ចំណែកការចែកលិខិតអញ្ជើញ ជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ គ.ជ.ប អនុវត្តទៅតាមនីតិវិធីគឺមេភូមិជាអ្នកចែក។ ប្រសិនបើអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនបានទទួលលិខិតអញ្ជើញនោះ គាត់អាចទៅសាកសួរ ឬទទួលយកនៅសាលាឃុំ សង្កាត់ ពីព្រោះលិខិតអញ្ជើញដែលនៅសល់ នឹងរក្សាទុកនៅទីនោះ។
ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តំណាងក្រសួងមហាផ្ទៃ លោក សុខ ប្រាំង អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានជម្រាបជូនអំពីនីតិវិធីនៃការធ្វើនោះយ៉ាងក្បោះក្បាយ ថែមទាំងប្រកាសផ្សព្វផ្សាយលេខទូរសព្ទពិសេសថែមទៀតគឺ ១២៧១ ក្នុងករណីប្រជាពលរដ្ឋមានបញ្ហា សូមទាក់ទងតាមទូរសព្ទផ្ទាល់ទៅផ្នែកអត្តសញ្ញាណកម្ម ដើម្បីជួយដោះស្រាយបញ្ហា ។
ជាចុងក្រោយ តាងនាម គ.ជ.ប លោក មាន សទិ បាន ធ្វើការ អំពាវនាវ ដោយអញ្ជើញប្រជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ហើយ លោក សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការខិតខំប្រឹងប្រែងរួម និងដោយការទទួលខុសត្រូវខ្ពស់ ការពិនិត្យបញ្ជី-ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំនេះ នឹងទទួលបានលទ្ធផលជោគជ័យ ។ លោក ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបាន ចំណាយពេលវេលា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ។
ភាគីពាក់ព័ន្ធដែលចូលរួម ក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កងរាជអាវុធហត្ថលើផ្ទៃ-ប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយចំនួន ១០គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៧ ព្រមទាំងអ្នកសារព័ត៌មានសរុបប្រមាណ ៥០ នាក់៕








