ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា៖ របាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺឈរលើការពិត មានមូលដ្ឋានបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិធីសាស្ត្រមានចែងជាសកល

ភ្នំពេញ៖ ខណៈដែលរបាយការណ៍ស្តីពី ស្ថានភាពសេរីភាព​សារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលចេញដោយក្រសួងព័ត៌មាន រកឃើញថា ៨១.០៤% បានបញ្ជាក់ថាមានស្ថានភាពល្អប្រសើរនោះ ត្រូវបាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការស្ទង់មតិ គឺឈរលើការពិត ឈរលើមូលដ្ឋាននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិធីសាស្ត្រ ដែលមានចែងជាសកល តាមរយៈចម្លើយ ដែលផ្តល់មកដោយពីតំណាងអ្នកសារព័ត៌មាន ទូទាំង២៥រាជធានី-ខេត្ត ដែលត្រូវបានជ្រើសរើសយ៉ាងពិតប្រាកដ ក្នុងការឆ្លើយទៅនឹងកម្រងសំណួរ ស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ ។

ក្នុងសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការស្ទង់មតិត្រូវបានធ្វើឡើង​ ដើម្បីវាយតម្លៃទៅលើស្ថានភាពសារព័ត៌មាននៅកម្ពុជា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្នុងនោះបានជ្រើសរើសអ្នកសារព័ត៌មានដោយចៃដន្យ (Random) ៥០០នាក់ ធ្វើការស្ទង់មតិ ដែលចំនួននេះ មានការកើនឡើងច្រើន​ ជាងការជ្រើសរើសការស្ទង់មតិកាលពីឆ្នាំ២០២៤កន្លងទៅ រហូតទៅដល់ចំនួន១៥០នាក់ ខណៈដែលការកើនឡើងនេះ គឺដើម្បីសុង្គតភាព ក៏ដូចជាសុចរិតភាពកាន់តែខ្ពស់ ជាពិសេសដើម្បីទទួលបាន​ គុណភាពកាន់តែខ្លាំងថែមទៀត ។

ជាមួយគ្នានេះ ចំពោះក្ចិច្ចការស្ទង់មតិនេះ ត្រូវបានលោករដ្ឋមន្ត្រី បញ្ជាក់ថា ធ្វើឡើងដោយមន្ត្រីរបស់ក្រសួងព័ត៌មានផ្ទាល់ ខណៈដែលអ្នករៀបចំធ្វើកិច្ចការងារទាំងនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ​ដោយមិនចាំបាច់មានជំនួយ ពីបរទេសនោះឡើយ ។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែលថា របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» គឺជាការផ្តោតទៅលើអ្វី ដែលជាស្ថានភាពពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា ខណៈដែលកម្ពុជាគឺមានរបៀបរបប នៃការគ្រប់គ្រងរបស់កម្ពុជា មិនអាចធ្វើការប្រៀបធៀបកម្ពុជា ទៅបណ្តាប្រទេសផ្សេងៗ ហើយមានតែប្រជាជនកម្ពុជា ជាពិសេសអ្នកសារព័ត៌មាន ស្ថិតក្នុងវិស័យព័ត៌មាន ដឹងច្បាស់ តាមរយៈការស្ទង់មតិ រកឃើញថាមានរហូតទៅដល់ ៨១.០៤% បាននិយាយថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា “ការពិតនេះ គឺជាអ្វីដែលមាននៅក្នុងរបាយការណ៍ ដែលយោងតាមអ្វីដែលយើងបានធ្វើ ដោយឈរលើមូលដ្ឋាននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិធីសាស្ត្រ ដែលមានចែងជាសកល ដែលគេយកទៅអនុវត្ត ខ្ញុំខ្លាចតែអ្នកដែលគាត់វាយតម្លៃ ឬក៏លើកឡើងអំពីសេរីភាពសារព័ត៌មានកម្ពុជានេះ គឺគ្រាន់តែនៅលើបបូលមាត់ទេ តែគ្រាន់តែការពិតប្រហែលជាគាត់ អត់មានឯកសារ ឬក៏អត់មានអ្វីដែលបញ្ជាក់ច្បាស់ ដូចអ្វីដែលយើងកំពុងតែធ្វើផង អាចត្រឹមតែអង្គុយសរសេរស្រមើលស្រមៃ ហើយវាយតម្លៃជុំវិញគ្នាឯងតែពីរ ទៅបីនាក់នោះ ហ្នឹងគឺជារឿងមួយកំហុសឆ្គង ប៉ុន្តែនេះហើយគឺជាចំណុចមួយដែលយើងឃើញថា កម្ពុជារបស់យើង ត្រូវបានគេលាភពណ៌ ហើយត្រូវបានវាយប្រហារ នៅក្នុងកម្រិតមួយ នៅក្នុងរបៀបវារៈ នយោបាយរបស់គេ ប៉ុន្តែកម្ពុជា គឺជាកម្ពុជា កម្ពុជាពិត គឺដែលយើងនៅក្នុងប្រទេស គឺយើងបានដឹងច្បាស់លាស់ នៅក្នុងក្របខណ្ឌហ្នឹង ហើយអ្វីដែលជាស្ថានភាពពិតប្រាកដ គឺនៅក្នុងរបាយការណ៍នេះ” ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា របាយការណ៍ដែលចេញដោយក្រសួងព័ត៌មាន គឺឈរនៅលើការពិត ឈរនៅលើវិធីសាស្ត្រ វិទ្យាសាស្ត្រ និងឈរនៅលើអ្វីដែលជាមូលដ្ឋាន នៃចម្លើយ ដែលផ្តល់មកដោយអ្នកសារព័ត៌មាន ដែលត្រូវបានជ្រើសរើស យ៉ាងពិតប្រាកដ ពីតំណាងអ្នកសារព័ត៌មាន នៅ២៥ខេត្ត-រាជធានី ក្នុងការឆ្លើយទៅនឹងកម្រងសំណួរ ស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ ហើយលទ្ធផលដែលបានមកនេះ គឺជាលទ្ធផលពិតប្រាកដ ដែលកម្ពុជាត្រូវតែមានរបាយការណ៍ខ្លួនឯង៕

To Top