ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងត្រូវបន្តអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ២០៣០ នឹងអាចឱ្យនាវាដឹកទំនិញគ្រប់ប្រភេទ ជុំវិញពិភលោក អាចចូលលើក-ដាក់ទំនិញដោយផ្ទាល់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា ក្រោយជួបជាមួយ លោក គីស៊ីដា បាន៤ថ្ងៃ សម្តេចបានអញ្ជើញ មកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីបុកគ្រឹះពង្រីកចំណតផែជំហាន១ ដែលបានចរចា តាំងពីអាណត្តិ សម្តេចតេជោ ដែលជំហាន១ ជំរុញឱ្យមានជម្រៅទឹក១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញ៦០ ០០០DWT ចូលបាន ដែលគ្រោងបញ្ចប់ នៅឆ្នាំ២០២៧។
បន្ថែមលើនេះ សម្តេចធិបតី បញ្ជាក់ថា សម្រាប់ជំហានទី២ គ្រោងធ្វើឱ្យចប់នៅឆ្នាំ២០២៩ ដែលអាចឱ្យមានជម្រៅទឹក ១៦,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាដឹកទំនិញ មកពីឥណ្ឌូប៉ាស៊ីហ្វិក ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន៩៥% ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ជំហានទី៣ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣០នេះ យើងធ្វើជីកទៅដល់១៧ម៉ែត្រកន្លះ ហើយ១៧ម៉ែត្រកន្លះនេះ បានន័យថា កាប៉ាល់នៅទូទាំងពិភពលោក អាចចូលមកដល់ផែខេត្តព្រះសីហនុយើងតែម្តង ដោយមិនចាំបាច់ផ្ទេផ្ទង់ពីកន្លែងណា ចឹងកាន់តែសកម្ម” ។
សម្តេចធិបតី បន្ថែមថា ទាំងលំហូរ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជរដ្ឋាភិបាល បានរៀបចំច្រើន ហើយនិងបន្តគិតគូបន្ថែមទៀតទៅថ្ងៃមុខ ។
សូមបញ្ជាក់ថា គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ ប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក -១៧,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាជម្រៅទឹក -១៦ម៉ែត្រ ដែលមានចំណុះផ្ទុក ១៦០ ០០០DWT ស្មើនឹង ១ម៉ឺន៥ពាន់TEUs មានផ្លូវដឹកជញ្ជូនក្នុងពិភពលោក ទៅ-មក កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានដោយផ្ទាល់។ គម្រោងនេះនឹងនាំ ឱ្យសមត្ថភាពផែសរុប កើនដល់ចំនួន ២ ៦៣៧ ០០០TEUs/ឆ្នាំ និងគ្រោងបញ្ចប់ការសាង សង់នៅឆ្នាំ២០៣០។ គម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាល រៀបចំឯកសារដេញថ្លៃ ជ្រើសរើសក្រុមហ៊ុនសាងសង់៕
