ភ្នំពេញ ៖ សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍ នយោបាយបានលើកឡើងថា ការផ្ដល់ឱកាសការងារ រាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាង នៃការលើកកម្ពស់សិទ្ធិការងារ ដែលឆ្លុះបញ្ចាំង ពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជា ស្របតាមស្មារតី ទិវាពលកម្មអន្តរជាតិ ១ឧសភា ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា (NACC)បានលើកឡើងថា៖«ក្រុមហ៊ុន រោងចក្រសហគ្រាស ដែលពាក់ព័ន្ធ នឹងវិស័យវាយនភណ្ឌ កាត់ដេរ តែងតែប្រកាសជ្រើសរើសបុគ្គលិក កម្មករនិយោជិត រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយនៅមានក្រុមហ៊ុនថ្មីៗ ជាច្រើនទៀតកំពុងបើកដំណើរការជាបន្តបន្ទាប់ ។ ដូច្នេះឱកាសការងាររាប់ម៉ឺន កន្លែងបានផ្ដល់ជូនពលរដ្ឋខ្មែរជាហូរហែ»។
លោកបន្តថា៖«កំណើនវិនិយោគ បានធ្វើឱ្យមានតម្រូវការទីផ្សារការងារកើនឡើងដែរ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗ នៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមាន ផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិការងារ ស្របទៅតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា»។

លោក ចាន់សំណាង បានចាត់កំណើនវិនិយោគ គឺជាការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង ជូនកម្មករនិយោជិត និងពលរដ្ឋខ្មែរ ហើយវាជាភ័ស្ដុតាងដ៏ សំខាន់ក្នុងការលើកកម្ពស់ សិទ្ធិការងារដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីពនៅកម្ពុជា បានប្រារព្ធរំឭកជារៀងរាល់ឆ្នាំ ។
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន ១៧២គម្រោង ដែលមានទុន វិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីក ផលិតកម្មមានចំនួន ៦គម្រោង ។

ជាមួយគ្នានេះក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស) ហើយចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១ ៨១៦ ០៤៦នាក់ដល់ចំនួន ១ ៨៤៦ ៨៣៧នាក់ (កើនឡើងចំនួន ៣០ ៧៩១នាក់)។
តឹកតាងទាំងអស់នេះ បានបង្ហាញ ពីកត្តាវិជ្ជមានទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ការឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិន បរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ចំពោះលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្ត នយោបាយ និងសន្ដិសុខបានថ្លែងថា៖«កម្ពុជាបច្ចុប្បន្ននេះ គឺក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យើងសង្កេតឃើញថា ទទួលបានកំណើន សេដ្ឋកិច្ច និងទុនវិនិយោគកើនឡើង ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ តាមរយៈការអនុវត្តនយោបាយការទូតសេដ្ឋកិច្ច» ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ជាពិសេសយុវជន គោលដៅដែលមក ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយលោកបានមើលឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា នៅ ក្នុងបរិបទ សេដ្ឋកិច្ចបច្ចុប្បន្ននេះ យ៉ាងហោចណាស់ត្រូវមានជំនាញ មួយសម្រាប់ជីវិតខ្លួន ពោលគឺត្រូវពង្រឹងលើការសិក្សា ជំនាញរបស់ខ្លួនឱ្យស្រប តាមបរិបទសេដ្ឋកិច្ចប្រទេសកម្ពុជា ។
លោកបានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កម្មករ និងអង្គការវិជ្ជាជីវៈទាំងអស់បន្តប្រកាន់ខ្ជាប់នូវច្បាប់ និងស្តង់ដារច្បាប់ដែលមានស្រាប់ និងលើកកម្ពស់វប្បធម៌ នៃការអនុលោមតាមច្បាប់។ លោកបញ្ជាក់ថា នេះជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់ការប្រកួតប្រជែង ការទាក់ទាញការវិនិយោគ និងបង្កើតឱកាសការងារសមរម្យសម្រាប់កម្មករ និយោជិត និងប្រជាពលរដ្ឋជាបន្តបន្ទាប់ថែមទៀត៕

