ភ្នំពេញ ៖ សហជីពនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិសេរីភាព ពេញលេញដល់គ្រប់និន្នាការ សហជីពក្នុងការប្រារព្ធ ទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយពួកគេចាត់ទុកការ អនុវត្តសិទ្ធិសេរីភាព បានទូលំទូលាយ ដើម្បីការពារផលប្រយោជន៍ ជូនកម្មករនិយោជិត។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានថ្លែងពីទីតាំងប្រារព្ធទិវាពលកម្មករអន្តរជាតិកោះនរា រាជធានីភ្នំពេញនៅថ្ងៃទី ១ឧសភាថា ៖ «ក្រុមការងារយើង គឺមិនមានរារាំង សកម្មភាពប្រារព្ធទិវាពលកម្ម អន្តរជាតិលើកទី១៣៩នោះទេ គឺអាជ្ញាធរយើងជួយសម្របសម្រួល បញ្ហាសន្ដិសុខសុវត្ថិភាព និងរៀបចំទីតាំង សម្រាប់ជួបជុំក្រុមសហជីពថែមទៀត។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយរលូន ហើយកម្មករបានចូលរួមច្រើន និងសប្បាយរីករាយ ដែលបានជួបជុំគ្នានាឱកាសនេះ»។
លោកបន្ដថា ៖ «យើងអត់មានការគំរាមកំហែងអ្វីទេ គឺបើកទូលំទូលាយ អ្នកចូលរួម ក៏សប្បាយរីករាយ ហើយយើងមានឱកាសសម្ដែងមតិ ផ្ញើសារនានាទៅស្ថាប័នពាក់ព័ន្ធ និងមានកម្មវិធីជាច្រើន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរកដំណោះស្រាយនូវបញ្ហាសេសសល់ផ្សេងៗទៀត»។
លោក គង់ អាទិត្យ បានចាត់ទុកផ្ដល់សិទ្ធិសេរីភាព របស់រាជរដ្ឋាភិបាល ដល់សហជីព គឺមិនមានឧបសគ្គរារាំងធ្ងន់ធ្ងរ ដូចការលើកឡើង ក្នុងរបាយការណ៍មួយចំនួន ដែលចោទប្រកាន់ថា សិទ្ធិសេរីភាពសហជីព នៅកម្ពុជា ត្រូវបានរារាំង បិទសិទ្ធិ បំភិតបំភ័យ និងគំរាមកំហែងនោះទេ។

ចំណែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា៖«ខ្ញុំបានដឹកនាំក្រុមការងារទៅប្រារព្ធទិវាពលកម្មអន្តរជាតិនៅខេត្តកណ្ដាលប្រមាណជាង ២០០នាក់ ប៉ុន្ដែមិនមានការរារាំង ឬបំភិតបំភ័យកម្មករមិនឱ្យចូលរួមនោះទេ គឺមានការចូលរួមយ៉ាងទូលំទូលាយពីកម្មករនិយោជិតយើង។ លើសពីនេះ មានអាជ្ញាធរជួយសម្របសម្រួល សន្ដិសុខសុវត្ថិភាពជូនកម្មករថែមទៀតផង»។
នៅក្នុងវិធីនោះ លោកបានថ្លែងសារសំខាន់ៗ ដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯករដ្ឋមន្រ្តី ហេង សួរ ដែលបានយកចិត្តទុកដាក់ទៅលើសិទ្ធិសេរីភាពសហជីព និងការការពារសិទ្ធិកម្មករ ដើម្បីលើកម្ពស់ស្ដង់ដារការងារឱ្យដូចទៅនឹងប្រទេសក្នុងតំបន់ដែរ។
លោក ហ្វា សាលី បានចាត់ទុកការអនុវត្តសិទ្ធិសេរីភាព របស់សហជីពមានភាពល្អប្រសើរ ដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចា ជាមួយថៅកែរោងចក្រ។ ដូច្នេះកម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាព ដែលជាឋានសួគ៌របស់សហជីព ។
គួររំឭកថា ច្បាប់ស្តីពីសហជីពដែលរួមមាន ១៧ជំពូក និង១០០មាត្រា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងផ្តល់សិទ្ធិ និងសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាន និងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការងារ ព្រមទាំងអនុសញ្ញាអន្តរជាតិខាងការងារលេខ ៨៧ និង៩៨ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ។
ច្បាប់ស្តីពីសហជីព គឺជាក្របខ័ណ្ឌគតិយុត្តមួយដែលមានគោលដៅ ទី១- ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ទី២- ធានានូវសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ទី៣- ជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង៤- រួមចំណែកក្នុងការអភិវឌ្ឍន៍ការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ៕
