ព័ត៌មានជាតិ

សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោក អឌ្ឍចន្ទ៨ ឧសភា

កំពង់ស្ពឺ:លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ។

ក្រោមប្រមូលបទ (រួមគ្នាស្ម័ត្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹង​អាកាសធាតុ) ដោយមានការ ចូលរួមពី​គណៈកម្មាធិការ​​សាខា សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ទីរ-អង្គភាព នានាជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម អ្នកឧកញ៉ា លោកឧកញ៉ា តំណាងម្ចាស់​​ក្រុមហ៊ុន អាជីវករ សប្បុរសជនជាតិ អន្តរជាតិ សរុបប្រមាណ ១៣០០នាក់ ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការប្រារព្ធមីទ្ទីងអបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះក្នុងគោលបំណងរំលឹក​ដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិក របស់កាកបាទក្រហម យល់ដឹងអំពីប្រវត្តិចលនា របស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងបង្ហាញជូនពីលទ្ធផល ការងារមនុស្សធម៌ ។

ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអនុវត្តក្នុងរយៈពេល៥ឆ្នាំកន្លងមក ព្រមទាំងសូមអំពាវនាវ ដល់សប្បុរសជន គ្រប់មជ្ឈដ្ឋានចូលរួម ឧបត្ថម្ភជាថវិកា សម្ភារៈឬអំណោយមនុស្សធម៌ផ្សេងៗដល់សាខា ដើម្បីបន្ត បេសកកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ ពិសេសគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ។

ដោយសន្ដានចិត្ត មនុស្សធម៌ របស់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន សមាជិកសមាជិកា នៃអង្គពិធីទាំងមូល បានចូលរួមឧបត្ថម្ភ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នូវថវិកាជាតួលេខ បឋមប្រាក់រៀលមានចំនួន ៤១៩,៩២៦,០០០រៀល និងជាប្រាក់ដុល្លារមានចំនួន ៧៧,៨៩០ដុល្លារបន្ថែម៕
ដោយ:សុខ សុភ័ណ្ឌ រូបថតរដ្ឋបាលខេត្ត

To Top