ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ មេសា បានអនុញ្ញាតជូនប្រតិភូធុរជនចិន និងអាមេរិក ដឹកនាំដោយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការគំាំទ្រការពីក្រសួងទេសចរណ៍លើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិនអាមេរិក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងអភិវឌ្ឍន៍លើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ផលិតផលទេសចរណ៍ថ្មីបន្ថែម។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ស្នើក្រុមហ៊ុន ជួយសហការទប់ស្កាត់ព័ត៌មានមិនពិតអំពីប្រទេសកម្ពុជាដូចដែលក្រុមហ៊ុនបានរាយការណ៍ជូនដែលជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជាពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្រសួង ស្នើក្រុមហ៊ុនជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចប្រតិភូបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពល្អដល់អ្នកទេសចរ និងអ្នកវិនិយោគ រួមទាំងប្រជាពលរដ្ឋចិនអាមេរិក៕
