ភ្នំពេញ៖ សហជីពនៅកម្ពុជាបានលើកឡើងថា ប្រសិនបើមានការរឹតត្បិតសិទ្ធិសេរីភាព និងការគំរាមកំហែងសហជីពនោះ ពួកគេនឹងមិនមានការជួបគ្នា ដោយសេរីក្នុងការសម្ដែង មតិពីគ្រប់និន្នាការបាននោះទេ ខណៈដែលសហជីពចាត់ទុក ការលើកឡើងនោះជាការចោទប្រកាន់ខុសពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់។
លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិ កម្ពុជា បានថ្លែងថា ៖ «ប្រសិនបើមានការរឹតត្បិត សិទ្ធិសេរីភាព របស់សហជីពដូចការលើកឡើងរបស់បុគ្គលមួយចំនួននោះមែន គឺយើងមិនអាចជួបជុំគ្នា សម្ដែងមតិពីគ្រប់និន្នាការបានទេ ហើយខ្ញុំក៏ចង់សួរទៅវិញដែរថា ប្រសិនបើពួក គេនិយាយថា រឹតត្បិតសេរីភាព អ៊ីចឹងតើពួកគេមានពេលវេលា ឯណាបានជួបជុំគ្នា នៅថ្ងៃ១ឧសភាជារៀងរាល់ឆ្នាំ?»។

លោកបន្តថា៖«ខ្ញុំគិតថា ការលើកឡើងរបស់មនុស្សមួយក្រុមនោះ គឺមានភាពលម្អៀងដោយមិនអាចទទួលយកបាន និងមានចរិតបង្កឱ្យមានការភាន់ច្រឡំដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសហជីពជាក់ស្ដែងនៅកម្ពុជា។ អ្វីដែលយើងមើលឃើញ ទាំងអស់គ្នា គឺសិទ្ធិសេរីភាព របស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិត របស់យើងក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យទាំងប្រាក់ឈ្នួល និងលក្ខខណ្ឌផ្សេងៗទៀត»។
លោក សំ សឿន បានលើកឡើងជាសំណួរថា តើសហជីព ធ្វើការតវ៉ាប្រឆាំងនឹងរាជរដ្ឋាភិបាល ទើបហៅថាសហជីព ឯករាជ្យឬយ៉ាងណា? ហើយសហជីពការពារផលប្រយោជន៍កម្មករ និយោជិតពិតប្រាកដជាសហជីពក្លែងក្លាយឬយ៉ាងណា? លោកថា សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាឯករាជ្យ ប៉ុន្ដែធ្វើសកម្មភាពមិនឯករាជ្យ មិនបម្រើផលប្រយោជន៍កម្មករនិយោជិត ផ្ទុយទៅវិញញុះញង់កម្មករឱ្យតវ៉ា ធ្វើបាតុកម្មខុសច្បាប់ បំពានច្បាប់ បង្កចលាចល អនាធិបតេយ្យ និងឈានដល់បង្កអំពើហិង្សាជាដើម។
ចំណែកលោក គង់ អាទិត្យ ប្រធានសហភាព ការងារកម្ពុជាបានថ្លែងនៅថ្ងៃទី ១ឧសភាថា៖«ក្រុមការងារយើង គឺមិនមានរារាំងសកម្មភាព ប្រារព្ធទិវាពលកម្មអន្តរជាតិ លើកទី១៣៩នោះទេ គឺអាជ្ញាធរយើងជួយ សម្របសម្រួលបញ្ហាសន្ដិសុខសុវត្ថិភាព និងរៀបចំទីតាំង សម្រាប់ជួបជុំក្រុមសហជីពថែមទៀត។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយរលូន ហើយកម្មករបានចូលរួមច្រើន និងសប្បាយរីករាយដែលបានជួបជុំគ្នានាឱកាសនេះ»។

លោកបន្ដថា៖«យើងអត់មាន ការគំរាមកំហែងអ្វីទេ គឺបើកទូលំទូលាយ អ្នកចូលរួមក៏សប្បាយរីករាយ ហើយយើងមានឱកាស សម្ដែងមតិ ផ្ញើសារនានាទៅស្ថាប័នពាក់ព័ន្ធ និងមានកម្មវិធីជាច្រើន ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការរកដំណោះស្រាយនូវបញ្ហាសេសសល់ផ្សេងៗទៀត»។
លោក គង់ អាទិត្យ បានចាត់ទុក ផ្ដល់សិទ្ធិសេរីភាពរបស់រាជរដ្ឋាភិបាលដល់សហជីព គឺមិនមានឧបសគ្គរារាំងធ្ងន់ធ្ងរ ដូចការលើកឡើងក្នុងរបាយការណ៍មួយចំនួនដែលចោទប្រកាន់ថា សិទ្ធិសេរីភាព សហជីពនៅកម្ពុជាត្រូវបានរារាំង បិទសិទ្ធិ បំភិតបំភ័យ និងគំរាមកំហែងនោះទេ ។
សម្រាប់លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា ៖«ខ្ញុំបានដឹកនាំក្រុមការងារ ទៅប្រារព្ធទិវាពលកម្ម អន្តរជាតិ នៅខេត្តកណ្ដាល ប្រមាណជាង ២០០នាក់ ប៉ុន្ដែមិនមានការរារាំង ឬបំភិតបំភ័យកម្មករ មិនឱ្យចូលរួមនោះទេ គឺមានការចូលរួមយ៉ាងទូលំទូលាយពីកម្មករនិយោជិតយើង។ លើសពីនេះ មានអាជ្ញាធរជួយសម្របសម្រួល សន្ដិសុខសុវត្ថិភាព ជូនកម្មករថែមទៀតផង»។

នៅក្នុងវិធីនោះ លោកបានថ្លែង សារសំខាន់ៗ ដែលបង្ហាញពីសមិទ្ធផល របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេច មហាវរធិបតី ហ៊ុន ម៉ាណែត តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រោមការដឹកនាំរបស់ឯករដ្ឋមន្រ្តី ហេង សួរ ដែលបានយកចិត្តទុកដាក់ ទៅលើសិទ្ធិសេរីភាពសហជីព និងការការពារសិទ្ធិកម្មករ ដើម្បីលើកម្ពស់ស្ដង់ដារ ការងារឱ្យដូចទៅនឹងប្រទេសក្នុងតំបន់ដែរ។
លោក ហ្វា សាលី បានចាត់ទុកការ អនុវត្តសិទ្ធិសេរីភាពរបស់សហជីពមានភាពល្អប្រសើរ ដោយបានអនុវត្តសិទ្ធិសេរីភាព របស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីការពារប្រយោជន៍ ជូនកម្មករនិយោជិត និងជាតំណាងចរចាជាមួយថៅកែរោងចក្រ។ ដូច្នេះកម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាព ដែលជាឋានសួគ៌របស់សហជីព។
បើតាមថ្នាក់ដឹកនាំសហជីពបានលើកឡើងថា សហជីព និងអង្គការវិជ្ជាជីវៈ ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួន នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្នុងលក្ខន្តិកៈនោះបានប្រកាស ពីជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយ ណាមួយទេ។
បច្ចុប្បន្ននេះនៅកម្ពុជា មានសហជីព និងអង្គការវិជ្ជាជីវៈ សរុបចំនួន ៦ ៦០០អង្គភាព ដែលកំពុងដំណើរការការងារ របស់ខ្លួនដោយសេរី គ្មានការរឹតត្បិត ឬគ្មានការបំភិតបំភ័យ ដូចការលើកឡើងដោយក្រុមសហជីព និងអង្គការសង្គមស៊ីវិល មួយចំនួនដែលតាំងខ្លួនអ្នក ឯករាជ្យនោះឡើយ ៕
