ព័ត៌មានជាតិ

លោក ឃួង ស្រេង ឱ្យសាងសង់ បន្ទប់ទឹកសារធារណៈបន្ថែម សម្រាប់បម្រើឱ្យអ្នកដើរ កម្សាន្តផ្លូវថ្មើរជើងប្រើប្រាស់

ភ្នំពេញ៖ ដោយសារតែផ្លូវថ្មើរជើង (Walk Street) ទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ និងដើម្បីធ្វើឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសាងសង់បន្ទប់ទឹក សាធារណៈមួយកន្លែង មានជិត៤០បន្ទប់បន្ថែមទៀត ជាមួយនិងពិនិត្យការជួសជុល ច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។

ដើម្បីឱ្យគម្រោងខាងលើនេះ​ ដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីនិងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុច រូបសំណាកតេជោមាសនិងតេជោយ៉ត ឬមុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។

យោងតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ​ បានឱ្យដឹងថា តាមការណែនាំ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យធ្វើការសាងសង់បន្ទប់ទឹកអនាម័យ នៅចំណុចខាងលើនេះ ចំនួន៣៧បន្ទប់ ក្នុងនោះរួមមាន៖ បន្ទប់ទឹកសំរាប់បុរសចំនួន២២បន្ទប់ (បន្ទប់អង្គុយបត់ជើង១០បន្ទប់ និងបង្គន់ឈរចំនួន១២បន្ទប់), បន្ទប់ទឹកសំរាប់ស្ត្រី ចំនួន១៤បន្ទប់ និងបន្ទប់សំរាប់ជនពិកាចំនួន១បន្ទប់ ។ ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញ បាននិងកំពុងជួសជុលឡើងវិញ​ ប្រវែង១៧២ម៉ែត្រ ជម្រាលប្រវែង២២ម៉ែត្រ​ ។

ប្រធានមន្ទីរសាធារណការ បានបញ្ជាក់ថា ចំពោះគម្រោងទាំង២នេះ សំរាប់ច្រាំងទន្លេនឹងត្រូវប្រើប្រាស់ពេលវេលា នៃការសាង់សង់ចំនួន១ខែ។ ចំណែកបង្គន់អនាម័យ នឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែ ក្នុងការសាងសង់។

បន្ថែមលើនេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងខាងលើនេះធ្វើឡើង ដើម្បីទទួលភ្ញៀវលើផ្លូវថ្មើរជើង(Walk Street) និងទទួលព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

សូមរំលឹកថា ក្នុងឱកាសនោះលោក ឃួង ស្រេង​ បានធ្វើការណែនាំ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញសាងសង់បន្ទប់ទឹក ឱ្យមានខ្យល់អាកាសនិងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាព ប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្តនៅតំបន់នេះ៕

To Top